ក្រសួង​សេដ្ឋកិច្ច​បើក​វគ្គ​បណ្តុះបណ្តាល​និង​វិក្រឹត​ការ​ស្ដី​ពី​ “គណនេយ្យសាធារណៈ”

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលវិក្រិតការស្តីពី “គណនេយ្យសាធារណៈ”ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន៦។

បណ្តាខេត្តទាំងនោះរួមមាន ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក បណ្ឌិ​តសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីលោកអ៊ឹម បញ្ញារិទ្ធិអភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងមន្រ្តីពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាល ក្រោមការ ដឹកនាំប្រកបដោយថាមពល វៃឈ្លាស និងប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាព ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យ អនុវត្តការកែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈយ៉ាងមុតស្រួច តាំងពីឆ្នាំ២០០៤ មក ដោយបានធ្វើទំនើបកម្មក្របខ័ណ្ឌគតិយុត្តនិង បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ ឬ ហៅថា FMIS ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា។

ទន្ទឹមនេះ ក្នុងបរិបទនៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យ សាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១” ដោយបាននិងកំពុងផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគណនេយ្យមូលដ្ឋានសាច់ប្រាក់ ទៅប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ និងបានកំណត់យកឆ្នាំ២០៣១ ជាបង្គោលចរសម្រាប់កម្ពុជាធ្វើការផ្លាស់ប្តូរពេញលេញ ឈានទៅអនុវត្តប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ ដែលកម្ពុជានឹងមានក្របខ័ណ្ឌ រាយការណ៍ហិរញ្ញវត្ថុជាតិមួយ ដែលអាចផលិតបាននូវព័ត៌មាន ហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ភាពអាចជឿទុកចិត្តបាន ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងបរិបទជាក់ស្តែងរបស់កម្ពុជា ជាពិសេស ធានាបាននូវគណនេយ្យភាពរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន លើការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈ ដល់ប្រជាជនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

លោកអនុរដ្ឋលេខាធិការ បានរំលេចជូនអង្គពិធីថា តាមរយៈបទពិសោធន៍នៃការអនុវត្តជាអន្តរជាតិ ការអនុវត្តស្តង់ដាគណនេយ្យអន្តរជាតិសម្រាប់វិស័យសាធារណៈមូលដ្ឋានបង្គរផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ជាច្រើន ដូចជា ៖

(១). របាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានបង្គរ ផ្តល់នូវទិដ្ឋភាពកាន់តែលម្អិតអំពីសមិទ្ធកម្មហិរញ្ញវត្ថុ និង ថ្លៃដើមនៃសកម្ម ភា ព របស់រដ្ឋាភិបាល តាមរយៈការកត់ត្រាទាំងប្រតិបត្តិការសាច់ប្រាក់ និង មិនមែនសាច់ប្រាក់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

(២). ជួយឱ្យរដ្ឋាភិបាល ដែលជាអ្នកបង្កើតគោលនយោបាយនិងសាធារណជន ឱ្យកាន់តែយកចិត្តទុកដាក់លើការទិញ ការជម្រះចោល និងការគ្រប់គ្រងទ្រព្យសកម្ម បំណុល និង បំណុលយថាហេតុ នានារបស់ រដ្ឋាភិបាល

(៣). ផ្តល់ រូបភាពពេញលេញអំពីស្ថានភាពហិរញ្ញវត្ថុទាំងមូលរបស់រដ្ឋាភិបាល

(៤). ធ្វើឱ្យប្រសើរឡើងនូវតម្លាភាព តាមរយៈការរួមបញ្ចូលនូវគ្រប់អង្គភាពទាំងអស់ ដែលរដ្ឋាភិបាលគ្រប់គ្រង គណនេយ្យភាព ភាពអាចជឿទុកចិត្តបាន និងសុចរិតភាពនៃទិន្នន័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

(៥). ធ្វើឱ្យប្រសើរឡើង នូវការធ្វើសេចក្តី សម្រេច ចិត្តរបស់រាជរដ្ឋាភិបាល

(៦) បង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព នៃការរាយការណ៍ហិរញ្ញវត្ថុ, និង

(៧). ពង្រឹងភាពអាចប្រៀបធៀបគ្នា បានជាអន្តរជាតិ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here