ដោយៈ ម៉ាណា
ជប៉ុនៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Haruhiko Kuroda សាស្រ្តាចារ្យជាន់ខ្ពស់ សាកលវិទ្យាល័យ GRIPS នៃប្រទេសជប៉ុន និងជាអតីតទេសាភិបាល ធនាគារកណ្តាលជប៉ុន។
ក្នុងជំនួបនេះ លោកជំទាវ និងលោកសាស្ត្រាចារ្យ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ រូបិយវត្ថុឌីជីថលរបស់ធ នាគារកណ្តាល សក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។
នាឱកាសនោះ លោកសាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ចំពោះដំណើរអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក និងបានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាកត្តាអំណោយផលសម្រាប់កម្ពុជាក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀត។
លោកសាស្រ្តាចារ្យបានរំលេច ពីការរក្សាបានស្ថិរភាពនយោបាយ និងកត្តាស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន។
លើសពីនេះ លោកក៏បានលើកសសើរចំពោះការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងប្រព័ន្ធទូទាត់កម្ពុជា ជាក់ស្តែង ប្រព័ន្ធបាគង ដែលបានរួមចំណែកកាត់បន្ថយ ចំណាយប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណ ដែលលោកសាស្ត្រាចារ្យបានឆ្លៀតពេលវេលាជួបពិភាក្សា និងផ្តល់ទស្សនាទានល្អៗ ព្រមទាំងបានបង្ហាញ ពីសុទិដ្ឋិនិយមរបស់លោក មកលើសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ក៏ដូចជាសាកលវិទ្យាល័យ GRIPS ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត នាពេលកន្លងមក៕











