ធនាគារ​ជាតិ​នៃ​កម្ពុជា​ ម៉ុល​ដាវី​គ្រោង​ចុះ​ MoU នា​ខែ​តុលា​ខាង​មុខ​

ដោយៈ ចំណាន

    ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងប្រទេសម៉ុលដាវី គ្រោងចុះអនុស្សរណយោគយល់គ្នា (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការគ្នានាពេលខាងមុខ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាស លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Anca Dragu ទេសាភិបាល ធនាគារកណ្តាលម៉ុលដាវី (National Bank of Moldova – NBM) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវមកចូលរួមសន្និសីទថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃជំនួបនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត រវាងធនាគារកណ្តាលទាំងពីរ។

ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនាទានអំពីការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់សាធារណជន ដែលជាកត្តាសំខាន់ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើគម្រោងចុះអនុស្សរណៈយោគយល់ រវាងស្ថាប័នទាំងពីរក្នុងខែតុលា ឆ្នាំ២០២៦ ខាងមុខផងដែរ។

នៅក្នុងឱកាសនោះដែរ ភាគីធនាគារកណ្តាលម៉ុលដាវីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយប្រសិទ្ធភាព និងបានកត់សម្កាល់ពីការរីកចម្រើននៃវិស័យធនាគារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here