NBC សហការ​ជា​មួយ​ធនាគារ​កណ្តាល​បារាំង​រៀប​ចំ​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារ​កណ្តាល​នៃ​ប្រទេស​និយាយ​ភាសា​បា​រាំង​

ដោយៈ ចំណាន

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) សហការជាមួយ ធនា​គា​រកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិ​បាលធនាគារកណ្តាល នៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨។

សន្និសីទនេះធ្វើឡើងក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្និសីទនេះក៏មានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី លោក François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង (Banque de France) និងលោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (European Central Bank) និងវត្តមានថ្នាក់ទេសាភិបាល ធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសហ្រ្វង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។

នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។

នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះ ទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មី នៃតថភាពសេដ្ឋកិច្ច និងសង្គម ដែលបាននិងកំពុងដាក់ធនាគារកណ្តាល ឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់​តែខ្ពស់ពីសំណាក់រដ្ឋ និងសាធារណជន។

សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមគំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលបារាំង ដើម្បីផ្តល់វេទិកាប្រចាំឆ្នាំសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងប្រធានបទសេដ្ឋកិច្ច រូបិយវត្ថុ និងហិរញ្ញវត្ថុ។ សន្និសីទនេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាល ជាពិសេសធនាគារកណ្តាលដែលប្រើភាសាបារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here