ដោយៈម៉ាណេត
ភ្នំពេញៈ កិច្ចព្រមព្រៀងការលុបបំបាត់ការយកពន្ធត្រួតគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានា ផ្តល់អត្ថប្រយោជន៍ដល់ភាគីចុះហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិ នៃការយកពន្ធ កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់។
មិនត្រឹមតែប៉ុណ្ណោះ រំហូរមូលធន ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស ការការពារនិវាសនជន ពីការប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការការប្រយុទ្ធប្រឆាំង នឹងការគេចវេសពន្ធរវាងប្រទេសនឹងប្រទេសដែលត្រូវបានចុះហត្ថលេខាជាមួយគ្នា។
យោងតាមអគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបញ្ជាក់ថា ដើម្បីសម្រួលក្នុងការអនុវត្តពន្ធកាត់ទុក ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពី ការជៀសវៀងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ ពន្ធលើប្រាក់ចំណូល ត្រូវធ្វើតាមការណែនាំដូចជា ទី១ អ្នកជាប់ពន្ធនិវាសជនកម្ពុជា ត្រូវអនុវត្តតាមវិធីគណនេយ្យតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លើរាល់ការទូរទាត់ចំណូលជាភាគលាភ ការប្រាក់ សួយសារ និងកម្រៃសេវាបច្ចេកទេស ទៅអ្នកជាប់ពន្ធនិវាសនជននៃរដ្ឋភាគី នៃកិច្ចព្រមព្រៀងម្ខាងទៀត។ ការទូរទាត់ចំណូលខាងលើ ត្រូវចាត់ទុកថាបានទូរទាត់ ប្រសិនបើបានកត់ត្រាក្នុងបញ្ចិការគណនេយ្យរបស់អ្នកជាប់ពន្ធ និវាសនជនកម្ពុជាដែលជាភ្នាក់ងារកាត់ទុក។
ទី២ តាមមាត្រាស្តីពីការចូលជាធរមាននៃ DTA ពន្ធកាត់ទុកលើភាគលាភ ការប្រាក់ សួយសារ និងកម្រៃ សេវាបច្ចេកទេស ត្រូវមានប្រសិទ្ធភាពអនុវត្ត នៅប្រទេសប្រភព នៅពេលដែលប្រាក់ចំណូលកើតឡើង នៅថ្ងៃទីមួយនៃខែមករា ឬថ្ងៃបន្ទាប់ ក្នុងឆ្នាំប្រតិទិនបន្ទាប់ពីឆ្នាំ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
សម្រាប់គោលដៅនៃពន្ធកាត់ទុក លើការបែងចែកភាគលាភ ប្រាក់ចំណូលកើតឡើងខាងលើ គឺជាប្រាក់ចំណូលដែលអ្នកជាប់ពន្ធនិវាសនជន បានទូរទាត់ នៅថ្ងៃទីមួយនៃខែមករា ឬថ្ងៃបន្ទាប់ ក្នុងឆ្នាំប្រតិទិនបន្ទាប់ពីឆ្នាំ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
ទី៣ ការទូរទាត់ចំណូលជាភាគលាភ ការប្រាក់សួយសារ និងកម្រៃសេវាបច្ចេកទេស ត្រូវជាប់ពន្ធកាត់ទុក តាមមាត្រា២៦ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមិនឲ្យលើសពីអត្រាកំណត់នៅក្នុង DTA ដូចមានចែងក្នុងសេចក្តីណែរនាំ លេខ ៤០៨៤ អពដ ចុះថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៨ ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណួល៕