ទេសាភិ​បាល​ធនាគារ​ជាតិ​បង្ហាញ​ពី​ការ​កសាង​នវានុវត្តន៍​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

    អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” នៅវេទិកាហិរញ្ញវត្ថុសកល PBCSF។

វេទិកានេះសហការរៀបចំដោយ សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI)និងសាកលវិទ្យាល័យ Tsinghua នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ សាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចពិភាក្សានេះ ក៏មានវត្តមានចូលរួមពីវាគ្មិនជំនាញៗដទៃទៀត ដែលរួមមាន លោក Alfred Hanning នាយកប្រតិបត្តិAFI លោកBei Duoguang នាយកវិទ្យាស្ថានចិនសម្រាប់ការសិក្សាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន នៃសាកលវិទ្យាល័យ Renmin និងលោក MA Honglin ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chengdu Jiaozi Financial Holding Group Co., Ltd។

លោកជំទាវ ទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការអភិវឌ្ឍMSMEs។

បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការអនុវត្តវិធានការគោលនយោបាយនានា សំដៅពង្រឹងលទ្ធភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

លើសពីនេះ លោកជំទាវក៏បានគូសបញ្ជាក់ អំពីតួនាទីសំខាន់របស់ប្រព័ន្ធទូទាត់បាគង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតឱកាសថ្មីៗសម្រាប់ MSMEs ក្នុងការចូលរួមកាន់តែសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

វាគ្មិនក៏បានពិភាក្សាពីបញ្ហាប្រឈមចម្បងៗ ដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបានផ្លាស់ប្តូរទស្សនាទានដើម្បីជាដំណោះស្រាយឆ្លើយតប ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធថែមទៀតរវាងស្ថាប័នហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here