ដោយៈ ម៉ាល័យ
ប្រទេសចិនៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់យុទ្ធសាស្ត្រអន្តរជាតិ (International Strategic Advisory Council)ស្តីពី“ការកំណត់និយមន័យ និងការកសាងគ្រឹះស្ថានសិក្សាជំនាញហិរញ្ញវត្ថុ លំដាប់ពិភពលោកនៅតំបន់អាស៊ី”។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយគ្រឹះស្ថានឧត្តមសិក្សា Tsinghua School of Finance កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍វេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF នៅទីក្រុងឆឹងទូ សាធារណរដ្ឋប្រជាមានិតចិន។
តបតាមការអញ្ជើញពីសាកលវិទ្យាល័យ Tsinghua ដែលជាសាកលវិទ្យាល័យ ដ៏ល្បីល្បាញនៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ទេសាភិបាល បានចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ស្ថាប័នសាធារណៈ ដែលរួមមានអតីតនាយករដ្ឋមន្ត្រី ទេសាភិបាល នៃធនាគារកណ្តាលនៅប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ព្រមទាំងសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យល្បីៗ ដើម្បីផ្លាស់ប្តូរយោបល់ដែលឆ្លុះបញ្ចាំង ពីបេសកកម្មយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យTsinghua ក្នុងបរិបទនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលកំពុងប្រែប្រួល។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតជា សិរីបានជួបពិភាក្សាការងារជាមួយលោក Oliver Jenkyn អគ្គនាយកក្រុមហ៊ុន Visa Inc. នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ជំនួបនេះមានគោលបំណងពិភាក្សា ពីវឌ្ឍនភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ លើគំនិតផ្តួចផ្តើមនានាទាក់ទង នឹងប្រព័ន្ធទូទាត់សងប្រាក់ ដូចជា កម្មវិធីបាគងទេសចរជាដើម។
ភាគីទាំងពីរក៏បានលើកឡើង ពីកិច្ចសហការលើផ្នែកផ្សេងៗទៀតដែលរួមមាន ប្រតិបត្តិការស្វែងរកករណីឆបោក និងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន (Interoperability) តាមរយៈការតភ្ជាប់ប្រព័ន្ធបាគង ជាមួយប្រព័ន្ធទូទាត់ដទៃទៀតផងដែរ៕









