ជប៉ុនបានបង្ហាញនូវឆន្ទៈពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសជប៉ុន(JICA)បានបង្ហាញនូវឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការ និងគាំទ្រគំរោងអភិវឌ្ឍន៍នានានៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារដឹកដោយនាំលោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ (JICA) និងសហការី ក្នុងឱកាសដែលលោកស្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបដ៏មានអត្ថន័យនេះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែ​ងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈ (JICA) ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជាលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ លោកស៊ុន ចាន់ថុល បានលើកឡើងអំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ក្រោមជំនួយហិរញ្ញប្បទាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។

ជាកិច្ចឆ្លើយតប លោកស្រី MIYAZAKI Katsura បានថ្លែងអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាល និងបានកោតសរសើរចំពោះវឌ្ឍនភាព យ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកស្រីបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ (JICA) ក្នុងព្រង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា ជាពិសេសលើការលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញវិនិយោគ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា និងការជំរុញវិនិយោគ ជាពិសេស ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដ៏ប្រសើរជូនវិនិយោគិន ដោយពង្រឹងតួនាទីក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team) ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។

ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ភាគីទាំងពីរបានប្តេជ្ញានឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here