ដោយៈ ចំណាន
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់១១,២៦ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦។
ទំហំនេះកើនឡើង៦៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ដដែលបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ កម្ពុជាបាននាំចេញទំនិញមានតម្លៃ២,៨២ ពាន់លានដុល្លារ កើន ៤,២២% ទៅកាន់បណ្ដាប្រទេសជាសមាជិកឈានមុខគេទាំង៥របស់RCEP រួមមានវៀតណាម ចិន ជប៉ុន ថៃ សិង្ហបុរី។ ចំណែកឯការនាំចូលពីប្រទេសជាសមាជិក មានទឹកប្រាក់ប្រមាណ ៨,៤៤ពាន់លានដុល្លារ កើនឡើង២៤,២៤%។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាជាមួយដៃគូប្រទេសអាសិប បន្តមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា យន្តការក្នុងការជំរុញការនាំចេញទំនិញកម្ពុជារួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម៕








