ក្រុមហ៊ុនកម្ពុជា វៀតណាមបន្តពង្រឹងទំនាក់ទំនងផ្នែក ពាណិជ្ជកម្មរួមគ្នា

ដោយៈ ចំណាន

    កម្ពុជា វៀតណាមៈ ការិយាល័យពាណិជ្ជកម្មរបស់កម្ពុជា នៅទីក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យបានសម្របសម្រួល ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន១០មកពីវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសំណង់។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងមានការអញ្ជើ​ញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ជាពិសេសតំណាងមកពីវិស័យឯកជន ដែលបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសម្ដែងការស្វាគមន៍ និងជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការិយាល័យពាណិជ្ជកម្មកម្ពុជា នៅទីក្រុងហូជីមិញបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត និងបន្តដើរតួនាទីជាស្ពានដ៏មានប្រសិទ្ធភាពរវាងស្ថាប័នសាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងសុន្ទរកថារបស់លោកស្រី ឯកអគ្គរដ្ឋទូតកម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃ និងជាឱកាសដ៏ល្អមួយដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។

លោកស្រីក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យពាណិជ្ជកម្ម នៅទីក្រុងហូជីមិញ ជាពិសេសក្នុងការសម្របសម្រួល និងកៀរគរដៃគូអាជីវកម្មឱ្យចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ដែលពាក់ព័ន្ធ នឹងក្រុមហ៊ុនលើវិស័យសំខាន់ៗ ដែលមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ។

លោកស្រីបញ្ជាក់បន្ថែមថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here