ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត នៅស្តង់យុទ្ធនាការផលិតផលជាតិ #MadeInCambodia។
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ” គឺដើម្បីចូលរួមបង្ហាញពីអត្ថន័យ និងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ដែលជាការរួមបញ្ចូលគ្នានូវសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ, ចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិ, និងមានស្តង់ពិព័រណ៍ផលិតផល សេវាកម្ម និងម្ហូបអាហារជាច្រើនផងដែរ។
បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំ ស្តង់យុទ្ធនាការផលិតផលជាតិ #MadeInCambodia ដើម្បីដាក់តាំងបង្ហាញនូវផលិតផលផលិតនៅកម្ពុជា និងផលិតផលស្ត្រី#MadeByHer ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ការទទួលស្គាល់ម៉ាក និងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលជាតិ និងផលិតផលផលិតដោយស្ត្រី សំដៅបង្កើនការជ្រៀតចូលទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលជាតិ ឈានទៅការពង្រីកឱកាស ក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។
កម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត” គឺជាកម្មវិធីអមព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ -១៩ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារស្ពាននាគវត្តភ្នំ៕










