មេគយ និងប្រធានសភាពាណិជ្ជកម្មជួបជជែកពីបញ្ហារបស់ វិស័យឯកជន

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េង និងលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារផ្នែកឯកជននានា បានបើកកិច្ចពិភាក្សាទាក់ទងនឹងបញ្ហា និងដំណោះស្រាយសម្រាប់វិស័យឯកជន។

នេះជាកិច្ចប្រជុំលើកទី១០ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM)ក្រោមអធិបតីភាពដឹកនាំ ដោយសហប្រធានទាំងសងខា​ងគឺ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធាននៃយន្តការតំណាងផ្នែកឯកជន និងលោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធាននៃយន្តការតំណាងផ្នែកគយ និងរដ្ឋាករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា ក្រុមលេខាធិការដ្ឋានផ្នែកឯកជន សមាគមធុរកិច្ច ធុរជននាំចេញ នាំចូល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិនិត្យ និងដោះស្រាយនូវបញ្ហានិងសំណូមពរនានា របស់វិស័យឯកជនពាក់ព័ន្ធ នឹងការអនុវត្តនីតិវិធីគយ ក៏ដូចជាដើម្បីផ្សព្វផ្សាយនូវវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងនីតិវិធី និងគោលនយោបាយពន្ធ និងអាករមួយចំនួនដល់ផ្នែកឯកជន ក្នុងន័យ ដើម្បីជំរុញការអនុវត្តគោលនយោបាយកិច្ច សម្រួលពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាព និងកាតព្វកិច្ចនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានាជាធរមាន។

អ្នកឧកញ៉ា គិត ម៉េង ក៏ដូចជាលោកបណ្ឌិត គុណ ញឺម សហប្រធាន បានបញ្ជាក់ និងគូសរំលេចអំពីសារៈសំខាន់ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជួបប្រទះ ដោយផ្នែកឯកជនពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយនានា។

បន្ថែមពីលើនេះ អ្នកឧកញ៉ា និងលោកបណ្ឌិតសហប្រធាន ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលអភិក្រម នៃការសហការគ្នាជិតស្និតរវាងគយ និងផ្នែកឯកជនសម្រេចបានពេលកន្លងមកដែលមានដូចជា ការកែទម្រង់និងទំនើបកម្មស្ថាប័នគយ ការលើកកម្ព​ស់ការយល់ដឹង របស់ផ្នែកឯកជនពាក់ព័ន្ធនឹងច្បាប់ បទប្បញ្ញត្តិនិងនីតិវិធីគយ តាមរយៈការចូលរួម និងរៀបចំវេទិកាសាធារណៈ ការលើកសំណើកែសម្រួលអត្រាពន្ធនិងអាករ ការដាក់ចេញនូវនីតិវិធីសម្រួលពាណិជ្ជកម្មដល់ធុរជន ដែលមានអនុលោមភាពខ្ពស់ ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីគយ ការកាត់បន្ថយកម្រៃនៃការបំពេញ បែបបទបញ្ចេញទំនិញពីគយនិងកម្រៃស្គែន ជាដើម។

កិច្ចប្រជុំក៏បានដំណើរការត្រួតពិនិត្យ និងពិភាក្សាលើបញ្ហា សំ​ណូមពរ និងដំណោះស្រាយលើបញ្ហា ដែលលើកឡើងដោយផ្នែកឯកជនដែលមានចំនួន១០ របៀបវារៈរួមមាន៖ ១. បញ្ហានៃការប្រកាសការនាំចូល។ ២. នីតិវិធីនៃការដឹកជញ្ជូនទំនិញ។ ៣. ថ្លៃចំណាយលើការបញ្ចេញទំនិញ ៤. ការនាំចូលស្វាយចន្ទីមិនស្របច្បាប់។

៥. ការចាត់ថ្នាក់ទំនិញ ចំពោះការនាំចូលផលិតផលសុខាភិបាល។ ៦. នីតិវិធីនៃការនាំចូលរថយន្តក្រោមសិទ្ធិផ្តាច់មុខ។ ៧. ការផ្អាកប្រតិបត្តិការចែកចាយ កំឡុងពេលចុះបញ្ជីម៉ាកសញ្ញា។ ៨. ការរឹតត្បិតលើសិទ្ធិផលិតកម្ម។ ៩. ពន្ធលើសន្និធិប្រេងនិងឧស្ម័ន និង១០. ពន្ធលើប្រេងយន្តហោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here