ដោយៈ ចំណាន
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយនឹង កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដែលដឹកនាំដោយ លោកDerek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ជំនួបនេះក៏មានការចូលរួមផងដែរ ពីសំណាក់ក្រុមលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់(CAPRED)។
ជំនួបនេះមានគោលបំណង ពិភាក្សាផ្តោតសំខាន់ទៅលើការពង្រឹងយន្តការសម្របសម្រួល ការពង្រឹងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងការពន្លឿនអាទិភាពកំណែទម្រង់ ដែលគាំទ្រដល់ការអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជា។
ភាគីទាំងពីរបានធ្វើការគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃការរួមបញ្ចូល យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងការចូលរួមយ៉ាងសកម្ម របស់ក្រុមការងារទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងឱកាសអាជីវកម្មសំខាន់ៗ៕








