កម្ពុជារកបានចំណូលពីការនាំចេញស្រូវ អង្ករប្រមាណ៦០០លានដុល្លារអាមេរិក

ដោយៈ ចំណាន

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា កម្ពុជា​ប្រមូល​ប្រាក់​បាន​​ជាង ២០០ លាន​ដុល្លារនៅ​​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ ពីការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​​អន្តរ​ជាតិ ដោយ​កើន​ឡើង​ជិត៣០%​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥ ស្របពេលការរក​ចំណូល​ពី​ការ​នាំ​ចេញ ​ស្រូវសម្រេចបាន​​ជាង៤០០ លានដុល្លារ​​។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) កាល​ពី​ចុង​សប្តាហ៍​មុន​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៣៦១,៥៧៨តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៥៨ ដោយ​នាំ​ទៅកាន់គោលដៅចំនួន៥៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទឹកប្រាក់​ទទួល​បាន​ពី​ការ​នាំ​ចេញអង្ករ គឺ២០៧,៥៤ លាន​ដុល្លារ កើន​ឡើង​ពី​១៦០,៥១ លានដុល្លារ​កាល​ពី​ត្រីមាស​ទី​១ ឆ្នាំ​២០២៥។​

ប្រភពដដែលបានឲ្យដឹងទៀតថា គោលដៅ​ទាំង​នោះ​រួម​មាន ប្រទេសចិន ប្រទេសក្នុងអាស៊ាន(៥ ប្រទេស) និងទៅកាន់គោលដៅ ១៨ ប្រទេសផ្សេងទៀត(អាហ្វ្រិក មជ្ឈឹមបូព៌ា)ផងដែរ។

​ក្រៅ​ពី​នាំចេញ​អង្ករ កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាងក្នុង​បរិមាណ២,០០០,៦០០តោន ដោយគិតជាប្រាក់​ប្រមាណ​ ៤៣៣,២៣លានដុល្លារ។​

ប្រធាន​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ឧកញ៉ាឡាយ ឈុនហួ ធ្លាប់​​បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រោងម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​ ទទួល​បានការយកចិត្តទុកដាក់​កាន់​តែ​ខ្លាំង​ពីរដ្ឋាភិបាល ​ក្នុង​ន័យ​ដើម្បី​​ជួយ​បង្កើនភាពប្រកួតប្រជែង លើ​ទីផ្សារ​អន្តរជាតិ​។ ជាក់​ស្តែង​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២៥ បាន​កើន​​ដល់​ជាង៩០ម៉ឺនតោន បន្ទាប់​ពី​នៅ​​ទ្រឹង​ក្នុង​រង្វង់​៦០ ម៉ឺន​តោន​ជា​ច្រើន​ឆ្នាំ​។

ទោះយ៉ាង​ណា ខណៈ​ដែល​តម្លៃ​ប្រេងឥន្ទនៈ ​នៅ​ទីផ្សារ​អន្តរជាតិ រួម​ទាំងនៅ​​​កម្ពុជា ​បាន​បន្ត​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ជាង ១ ខែ​មក​នេះ លោក ឈុនហួ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី៥ ខែមេសា​ ថា តម្លៃប្រេងម៉ាស៊ូតដែលកើនឡើង គឺ​កំពុងធ្វើឱ្យប៉ះពាល់ ដល់គ្រប់ជំហាននៃខ្សែសង្វាក់ស្រូវ​ អង្ករយ៉ាងស្ងៀមស្ងាត់ ដោយ​ចាប់ពីវាលស្រែ រហូតដល់រោងម៉ាស៊ីនកិនស្រូវ និង​បន្ត​រហូតដល់ទីផ្សារ។

លោក​បញ្ជាក់​ថា “​ថ្លៃដឹកជញ្ជូនខ្ពស់ មានន័យថាប្រាក់ចំណេញទាបសម្រាប់កសិករ និងតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់។ នៅពេលដែលប្រេងឥន្ធនៈឡើងថ្លៃ បន្ទុកមិនធ្វើដំណើរតែម្នាក់ឯងទេ វាផ្ទុកទម្ងន់នៃវិស័យស្រូវអង្ករទាំងមូល”។

ជាមួយគ្នានេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅអង្ករក្រអូបកម្ពុជាម៉ាក Golden King នឹងត្រូវដាក់លក់ជាផ្លូវការ នៅតាមបណ្ដាញលក់រាយចំនួន២៤៥ ទីតាំងក្នុងទីក្រុងហុងកុង ព្រម​ទាំង​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ។

គម្រោង​នេះ​កើត​ឡើង ​តាម​រយៈ​កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group។ អង្ករក្រអូបកម្ពុជា(ប្រភេទផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក (World’s Best Rice) ចំនួន៧ លើក ដោយ​ពានរង្វាន់ចុងក្រោយកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។

ក្រសួង​អះអាង​ថា “សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោ​ល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែម តាមរយៈការសម្របសម្រួលពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន​ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here