មន្រ្តីជាន់ខ្ពស់ឡាវសិក្សាបទពិសោធន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញអ្នកធុរកិច្ច

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូដឹកនាំដោយលោក Vanthana Nolintha អគ្គនាយកIPO។

មានមតិក្នុងជំនួបនេះ លោកជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីសាវតា និងរចនាសម្ព័ន្ធរបស់ ក.អ.ក. និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ លោកលឹម វិសាល អគ្គលេខាធិការរង គ.វ.ក. ក៏បានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីវិនិយោគ របបនៃការលើកទឹកចិត្តវិនិយោគ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ ហើយលោកសួន សុផល អគ្គលេខាធិការរង គ.វ.ក. ក៏បានធ្វើបទបង្ហាញស្តីពីដំណើរការនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជននៃបណ្តាប្រទេសមួយចំនួន ដើម្បីសម្របសម្រួលដោះស្រាយ បញ្ហាប្រឈមរបស់វិនិយោគិន ដែលកិច្ចការនេះជាផ្នែកដ៏សំខាន់មួយ ក្នុងការថែទាំវិនិយោ​គិន​។

លោកVanthana Nolintha បានថ្លែងអំណរគុណជូនដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាទទួលស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូ យ៉ាងលម្អិតពីវិសាលភាពការងាររបស់ គ.វ.ក. ពិសេស ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ និងយន្តការថែទាំវិនិយោគ ដែលបានផ្តល់នូវធាតុចូលល្អៗក្នុងការលើកកម្ពស់ ការអនុវត្តការងារប្រចាំថ្ងៃរបស់IPO ដែលស្ថាប័ននេះទើបតែត្រូវបានបង្កើតឡើង ដើម្បីជំរុញទាក់ទាញវិនិយោគឯកជន បន្ទាប់ពីមានការកែសម្រួលរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡាវ។

លោកVanthana Nolintha បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងឧត្តមានុវត្តន៍របស់ គ.វ.ក. ដែលបានចូលរួមចំណែក លើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោកVanthana Nolintha បានអញ្ជើញលោក ជា វុទ្ធី និងសហការី ទៅទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង គ.វ.ក. និង IPO ក៏ដូចជាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here