ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នានា អំពីដំណើរការកម្មវិធីសិក្សាវិញ្ញាបនបត្រ Accredited Director Program (ADP)។
ក្នុងជំនួបកាលពីថ្ងៃទី២៣ មិនា លោក រ័ត្ន សោភ័ណ បានបង្ហាញពីគោលបំណងនៃកម្មវិធីសិក្សាADP ដែលមានគោលដៅលើកកម្ពស់ អភិបាលកិច្ចសាជីវកម្មនៅក្នុងក្រុមហ៊ុន ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនេះ និងស្នើសុំអនុសាសន៍បន្ថែម ដើម្បីពង្រឹងគុណភាពកម្មវិធីឱ្យកាន់តែប្រសើរ និងមានភាពសមស្របតាមនិន្នាការវិវត្តន៍ នៃវិស័យធនាគារនៅកម្ពុជា។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានបង្ហាញក្តីសោមនស្សចំពោះការវិវត្តរបស់IBF នាពេលកន្លងមក ដែលស្របតាមគោលបំណងក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យធនាគារ ទាំងផ្នែកបរិមាណ និងគុណភាព។
ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការគាំទ្រ ចំពោះកម្មវិធីសិក្សាADPនេះ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យវិទ្យាស្ថាន IBF ពង្រឹងកិច្ចសហការជិតស្និទ្ធ ជាមួយវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS)ផងដែរ៕








