ដោយៈ ចំណាន
កណ្តាលៈ នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកជំទាវតោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតីក្នុង“យុទ្ធនាការផលិតផលជាតិ #MadeInCambodia”។
យុទ្ឋនាការនេះ មានការអញ្ជើញចូលរួមពី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន អាជីវករ ម្ចាស់អាជីវកម្ម សិប្បកម្ម ក្រុមហ៊ុន ផ្សារ ម៉ល ម៉ាត មីនីម៉ាត និងជាច្រើនរូប។
គិតមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៤០០ទីតាំង។
“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី “ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល១សប្តាហ៍ ក្នុង ១ខែ រយៈពេល១ឆ្នាំពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស៕









