ដោយៈ និស្ស័យ
ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនជប៉ុនដើម្បីពង្រឹងកិច្ចសហការពាណិជ្ជកម្ម ពិសេសនាំផលិតផលខ្មែរទៅកាន់ទីផ្សារជប៉ុនកាន់តែច្រើន។
ភាគីជប៉ុនតំណាងដោយលោក SHINICHIRO ISHIKAWA ប្រធានក្រុមហ៊ុនYamato Printing Group ដែលសម្របសម្រួលដោយក្រុមហ៊ុនConfirel Co., Ltd និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងលោកសាកេត សុភសីលា តំណាងនៃក្រុមហ៊ុនConfirel ផងដែរ។
ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីតភ្ជាប់បណ្តាញអាជីវកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយបានពិភាក្សាលើការជំរុញផលិតផល សម្គាល់ភូមិសាស្ត្រ (GI) និងកសិ-ឧស្សាហកម្ម តាមរយៈការពង្រឹងខ្សែច្រវាក់តម្លៃ និងការបង្កើនតម្លៃបន្ថែមលើផលិតផលម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារជប៉ុន និងអន្តរជាតិ។
ទន្ទឹមនឹងនេះ ក៏មានការពិភាក្សាអំពីគំរូជោគជ័យ នៃកិច្ចសហការរវាងក្រុមហ៊ុនអន្តរជាតិ ជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Confirel ក្នុងការនាំយកផលិតផលខ្មែរ ទៅកាន់ឆាកអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់គុណភាពផលិតកម្ម និងស្តង់ដារផលិតផលខ្មែរឱ្យកាន់តែមានឧត្តមភាពប្រកួតប្រជែងខ្ពស់៕









