រដ្ឋមន្រ្តី​ប្រកាសតែងតាំង​មន្រ្តីរាជការថ្មី ​និង​វឌ្ឍនភាព​គម្រោង​ជំរុញ​ការ​តភ្ជាប់​រចនាសម្ព័ន្ធ​ច្រកទ្វារព្រំដែន​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ជាមួយមន្រ្តីពាក់ព័ន្ធទាក់​ទងនឹងវឌ្ឍនភាពការងារ និងប្រកាសតែងតាំងមន្រ្តីរាជកាតថ្មី។

កិច្ចប្រជុំនេះ បានពិនិត្យលើរបៀបវារៈសំខាន់ៗ រួមមាន ការប្រកា​សតែងតាំងមន្រ្តីរាជការថ្មី បទបង្ហាញស្តីពីវឌ្ឍនភាពគម្រោងជំរុញការតភ្ជាប់រចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) និងការដោះស្រាយបញ្ហាប្រឈមលើការងារ គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ និងបញ្ហាពាក់ព័ន្ធផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងអង្គប្រជុំ លោករដ្ឋមន្រ្តីបានសម្តែងការអបអរសាទរចំពោះមន្ត្រី ដែលទើបទទួលបានការតែងតាំងថ្មី និងបានណែនាំឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង។

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ វិស័យសាធារណការ និងដឹកជញ្ជូន បានសម្រេចលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់ រួមមានការបញ្ចប់ការងារជំរឿនថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ការប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ ការបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងការសម្ពោធកំណាត់ផ្លូវជាតិសំខាន់ៗជាច្រើន។

ក្រៅពីនេះ ក៏មានសមិទ្ធផលអនុគម្រោង សាងសង់ទីលានទុក​ដាក់សំរាមក្រុងបាវិត ការចុះហត្ថលេខាលើកិច្ចសន្យាគម្រោងស្ពានកោះខ្សាច់ទន្លា និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការដាក់ឱ្យប្រើប្រាស់បណ្ណបើកបរឌីជីថល និងការធ្វើសន្ធានកម្មសេវាសាធារណៈរវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

រដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងជំរុញលើកទឹកចិត្តឱ្យបន្តរួបរួមគ្នា និងខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយស្មារតីសាមគ្គីភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here