ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពី លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia) តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក -អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី៤ នារសៀលនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។

លោកបន្តថា “វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក”។ លោកបន្ថែមថា “ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន គឺជាយន្តការដែលចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ”។
គោលការណ៍នេះធានាថា ការវិនិយោគដែលមានស្រាប់នឹងបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលវែង។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥ ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិកផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម លើការរៀបចំជំនួបអាហារពេលព្រឹក ការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ផ្លាស់ប្តូរព័ត៌មាន ជាមួយរាជរដ្ឋាភិបាលបានកាន់តែញឹកញាប់ និងជិតស្និទ្ធជាងមុន សំដៅផ្លាស់ប្តូរការយល់ដឹង និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគាំទ្រវិនិយោគិន។
យន្តការនេះ នឹងបម្រើជាវេទិកាបន្ថែមមួយទៀត ដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិន នៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។
លោកស្រីភារធារី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំ កិច្ចសន្ទនាលើកទី៤នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានា ដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែក ក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគ នៅលើទឹកដីកម្ពុជាបន្ថែមទៀត។

តាមរយៈវេទិកានៃកិច្ចសន្ទនានារសៀលនេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុត ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើង នៅក្នុងកិច្ចសន្ទនាទាំង៣លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅ ក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការផងដែរ៕









