ស្ថាប័នចំនួន៥រៀបចំសិក្ខាសាលារួមគ្នាស្តីពីអនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ

ដោយៈ ចំណាន

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាស្តីពី “អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាប​នបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ”។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធីនៃការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដល់សមាជិក សមាជិកា ដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលាខាងលើ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាពលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជានិងមន្រ្តីពាក់ព័ន្ធ។

សិក្ខាសាលាខាងលើនេះផងដែរ ក៏មានការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល -កំពង់ឆ្នាំង សភាពាណិជ្ជកម្មខេត្តកំពង់ចាម មន្រ្តីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអង្គភាពពាក់ព័ន្ធ សមាជិក-សមាជិកា សមាគម ពាណិជ្ជករ អាជីវករ សិប្បករ ប្រមាណ១00នាក់។

ឧកញ៉ា លឹម សុជាតិ បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសមា្ចស់អាជីវកម្ម និងសហគ្រិន ឱ្យយល់ច្បាស់ពីនីតិវិធីនៃការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុគ្រោះពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ សំដៅបង្កើនឧត្តមភាពប្រកួតប្រជែង និងពង្រីកវិសាលភាពនៃការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះ លោកចាន់ សីហា បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា ការពង្រឹងយន្តការអនុលោមភាព មិនមែនគ្រាន់តែជាកាតព្វ​កិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចាក់គ្រឹះដ៏សំខាន់សម្រាប់អនា​គតនៃវិស័យនាំចេញរបស់កម្ពុជា ដែលការអនុវត្តច្បាប់ភូតគាមអនាម័យ និងការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ជាគន្លឹះក្នុងការដោះស្រាយរបាំងពាណិជ្ជកម្ម និងកសាងទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ។

បន្ថែមលើសពីនេះ លោកបានផ្តល់នូវសារមួយឃ្លាជូនដល់ សមាជិក សមាជិកា អាជីវករ ពាណិជ្ជករថា  ការអនុលោមតាមច្បាប់ភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ មិនមែនគ្រាន់តែជាការបំពេញ តាមលក្ខខណ្ឌច្បាប់នោះទេ ប៉ុន្តែវាគឺជាការកសាងទំនុកចិត្ត ដែលជាគ្រឹះនៃចីរភាព និងការរីកចម្រើននៃកសិធុរកិច្ចកម្ពុជាលើឆាកអន្តរជាតិ។

បន្ថែមពីលើនេះបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ  បានមានប្រសា​សន៍ថា កម្ពុជាមានឱកាសក្នុងការនាំចេញទំនិញ ទៅក្រៅប្រទេសច្រើនតាមរយៈការទទួលបានការអនុគ្រោះផ្សេងៗ ដូច្នេះសហគ្រិននានា ត្រូវចាប់ឱកាសពង្រឹងខ្លួន ក្នុងការផលិតឱ្យស្របតាមស្តង់ដារគុណភាពអនាម័យ ខណៈឱកាសនេះអាចនឹងមិនមែនមានរហូតទេ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច៕

លោកបានជំរុញឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលកសិ​កម្ម និងកែច្នៃ ផ្តោតលើគុណភាព អនាម័យ និងសុវត្ថិភាពផលិត​ផលជាចម្បង។ ឯកឧត្តមបានលើកឡើងថា សុវត្ថិភាពចំណីអាហារ គឺជាបញ្ហាសំខាន់បំផុត សម្រាប់អ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here