ដោយៈ ចំណាន
ឥណ្ឌាៈ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និបាតស្តីពីភាពធន់នៃទុនបម្រុងអន្តរជាតិ លើកទី១ ដែលរៀបចំដោយធនាគារកណ្តាលឥណ្ឌា ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងបណ្តាធនាគារកណ្តាល”។
ក្នុងកិច្ចពិភាក្សានេះ លោក ឡុង វីបុណ្យឫទ្ធ បានមានប្រសាសន៍ពីការវិវត្តនៃនិន្នាកាសកល និងការធ្វើពិពិធកម្មទ្រព្យសកម្ម និងរូបិយប័ណ្ណ ដែលក្នុងនោះលោកសង្កេតឃើញ ពីកំណើននៃការធ្វើពិពិធកម្មទៅវិនិយោគមាស ទ្រព្យសកម្មជាប្រាក់អឺរ៉ូ និងប្រាក់យ៉ន់ចិន ខណៈវិនិយោគិនខ្លះទៀត នៅមិនទាន់មានជំហរច្បាស់លាស់នៅឡើយ។
ត្រង់ចំណុចនេះលោកយល់ឃើញថា ការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាល នឹងក្លាយជាឱកាសក្នុងការជួយគ្នាទៅវិញទៅមកនៅពេលមានវិបត្តិ និងជាពិសេសអាចជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ផងដែរ។
ក្នុងឱកាសនោះ លោកក៏បានចូលរួមជាមតិមួយចំនួនទាក់ទងនឹងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ រួមមាន៖ i/-ស្នើឱ្យធនាគារកណ្តាលក្នុងតំបន់ងាកមកធ្វើពិពិធកម្មទ្រព្យសកម្មក្នុងតំបន់ ii/-សិក្សាស្រាវជ្រាវលើប្រធានបទរួមស្តីពីក) ការវិនិយោគក្នុងតំបន់លើសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណសង្គម ខ) ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំនួយការងារគ្រប់គ្រងទុនបម្រុង។ គ) អភិវឌ្ឍក្របខណ្ឌសម្រាប់គ្រប់គ្រងហានិភ័យ និង iii/-បង្កើតក្រុមការងារជំនាញ ដើម្បីសិក្សានិងជំរុញការងារនេះ និងប្រធានបទផ្សេងទៀត ដែលជាចំណាប់អារម្មណ៍រួម៕









