ដោយៈ ចំណាន
ភ្នំពេញៈ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានអនុញ្ញាតឱ្យគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) ដឹកនាំដោយលោក Gustaaf Reerink សមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំឥណ្ឌូនេស៊ី ទីប្រឹក្សាច្បាប់បរទេសនៃក្រុមហ៊ុន ABNR Counsellors at Law និងជាប្រធានគណៈប្រតិភូEU-ABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Riccardo Corrado សមាជិកក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន ASPIWA, FrieslandCampina, Adidas, JTI (JT International), Vriens & Partners, HEINEKEN, Danone, Pernod Ricard, Prudential, និងDHL Express ផងដែរ។
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សា លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងអាទិភាព គោលនយោបាយពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប រួមមាន ការសម្របសម្រួលកំណើនការនាំចេញ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងការរក្សានិរន្តរភាព នៃលទ្ធភាពការនាំចេញរបស់កម្ពុជាក្រោយចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC Graduation) ការធ្វើពិពិធកម្ម និងការពង្រឹងពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុប ព្រមទាំងការលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក និងការអនុលោមភាពតាមបទប្បញ្ញត្តិនានា៕










