គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរៀបចំឥណទានឡើងវិញជាង១៣០០លានដុល្លារអាមេរិក

ដោយៈ ម៉ាណេត

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានប្រកាសកាលម្សិលម៉ិញថា គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមាជិកCMA បានផ្តល់ការរៀបចំឥណទាន (កម្ចី) ឡើងវិញចំនួនជាង១,៣៨ពាន់លានដុល្លារ។

សមាគមCMAបានឱ្យដឹងថា ចំនួនសរុបនៃការស្នើសុំរៀបចំ រចនាសម្ព័ន្ធឥណទានឡើងវិញមានចំនួន៣០៣.៥៩៣ ដោយក្នុងនោះសមាជិករបស់ CMA បានសម្រេចរៀបចំនូវការស្នើសុំរៀបចំឥណទានឡើងវិញចំនួន២៨៥.២៣៤។

សមាគមក៏បានបញ្ជាក់ដែរថា ការស្នើសុំការរៀបឥណទានឡើងវិញ ក្នុងរយៈពេលបួនខែចុងក្រោយនេះ នៅតែមានស្ថេរភាព ខណៈពាក្យស្នើសុំចំនួនជាង១០០០ ត្រូវបានដាក់ស្នើក្នុងមួយសប្តាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក ផល វ៉ាន់ឌីកាល បានមានប្រសាសន៍កាលពីថ្មីៗនេះថា ការរៀបចំឥណទានឡើងវិញនេះ កន្លងមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានដោះស្រាយជូនអតិថិជនជាច្រើននាក់ហើយ ដែលរាប់ទាំងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ និងរងគ្រោះទឹកជំនន់។

លោកបញ្ជាក់ថា ដោយមានការអនុញ្ញាតិពីធនាគារជាតិនៃកម្ពុជា សមាជិករបស់សមាគមទាំងអស់ នឹងបន្តរៀបចំឥណទានរហូតដល់ខែមិថុនា ឆ្នាំ២០២១ ចំពោះអតិថិជនរងផលប៉ះពាល់ខាងលើ គឺអាចស្នើរសុំទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានភាពអនុគ្រោះជាបន្ត ក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅពួកគាត់ឲ្យល្អប្រសើរឡើង។

សមាជិកភាពរបស់សមាគមមានធនាគារចំនួន៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើចំនួន៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦៩ ស្ថាប័នភតិសន្យាហិរញ្ញវត្ថុចំនួន ១១ និងប្រតិបត្តិករឥណទានជនបទចំនួន១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here