ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ នឹងផ្តល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនកាន់ច្រើនមកបោះទុនវិនិយោគនៅកម្ពុជា។
ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ខណៈធនាគារជាតិនៃកម្ពុជាក៏បានព្យាករដែរថា ក្នុងបរិការណ៍ ដែលថ្នាំបង្ការមានប្រសិទ្ធភាព អាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងអាចងើបឡើងវិញក្នុងរង្វង់៤% ។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជាគឺជាដំណឹងល្អ ដែលនឹងបង្កើនទំនុកចិត្តរបស់វិនិយោគិន និងអ្នកអភិវឌ្ឍន៍។
លោកបានថ្លែងថា “ការព្យាករណ៍ទាំងនេះបានបង្ហាញថា អាជីវកម្ម និងអ្នកវិនិយោគនឹងធ្វើបានល្អប្រសើរ ជាងការរំពឹងទុកនៅឆ្នាំនេះ ហើយដូច្នេះទឹកប្រាក់ច្រើន ដែលពួកគេបានវិនិយោគ នឹងទទួលបានផ្លែផ្កា” ។
លោកបានបន្តទៀតថា ជាក់ស្តែងការព្យាករណ៍នេះ មានផលប្រយោជន៍ដល់សកម្មភាពអចលនទ្រព្យពីមួយថ្ងៃទៅមួយថ្ងៃទេ ហើយការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនៅកម្ពុជានឹងជំរុញឱ្យមាននិន្នាការវិជ្ជមាន ដល់ទីផ្សារអចលនទ្រព្យ បើប្រៀបធៀបឆ្នាំ២០២០ ។
លោកបានឱ្យដឹងថា “សម្រាប់វិនិយោគិនធំៗ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា នឹងផ្តល់ឱ្យពួកគេនូវសញ្ញាដ៏រឹងមាំ នៃកម្លាំងមូលដ្ឋាននៃសេដ្ឋកិច្ច និងអាចជះឥទ្ធិពលជាវិជ្ជមានដល់ការសម្រេចចិត្តរបស់ពួកគេ នៅក្នុងការវិនិយោគនៅប្រទេសកម្ពុជា” ៕