ច្បាប់​វិនិយោគ​ថ្មី​នឹង​ទាក់ទាញ​ការវិនិយោគ​បរទេសថ្មីៗជាច្រើន​ទៀតមកកាន់​ប្រទេស​កម្ពុជា

ដោយ គង់ ម៉ា​លីន​ណា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេសថ្មីៗបន្ថែមទៀត ខណៈដែល​កន្លងមកនេះ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ឱ្យមាន​លំនឹង​នៅក្នុង​វិបត្តិ​ជំងឺ Covid-19 ដែល​កំពុង​រាលដាល​ជា​សាកល។

រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ផាន់ ផល្លា បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ស្តីពី​វិធានការ​ទ្រទ្រង់​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​កាលពីពេលថ្មីៗនេះ​ថា ច្បាប់​វិនិយោគ​ថ្មី ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគ​បន្ថែម ខណៈដែល​បច្ចុប្បន្ន មាន​ចលនា​រោងចក្រ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ច្បាប់​យើង​នេះ​យើង​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​វិស័យថ្មីៗ ដូចជា​វិស័យ​មិនមែនជា​វិស័យ​កាត់ដេរ ក្នុងន័យ​នោះ​វិស័យ​កាត់ដេរ​ក៏​យើង​នៅតែ​ទាក់ទាញ វិស័យ​ទេសចរណ៍​ក៏​នៅតែ​ទាក់ទាញ តែ​វិស័យ​ផ្សេងទៀត​ដែល​យើង​មិនទាន់បាន​អភិវឌ្ឍន៍ យើង​ទាក់ទាញ​ពួកគាត់​ឱ្យ​វិនិយោគ​នៅក្នុង​ប្រទេស” ។

លោក​បន្ថែមថា “ច្បាប់​វិនិយោគ​ថ្មី​នេះ​ផងដែរ ក៏​នឹងចូលរួម​ដោះស្រាយ​បញ្ហា​ចាស់​ដែលមាន​ពី​កន្លងមកនេះ   ហើយ​មិនទាន់​ដោះស្រាយ ហើយ​នៅពេល​មានច្បាប់​ថ្មី​នេះ​ចេញទៅ​យើង​រំពឹងថា វា​នឹង​ផ្តល់​បរិយាកាស​ល្អ​ដល់​ធុរកិច្ច។ លោក​បន្តថា “ខ្ញុំ​គិតថា វិនិយោគិន នឹង​មិនមាន​បញ្ហា​ច្រើន​នោះទេ នៅពេលដែល​គេ​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង” ។

សេដ្ឋកិច្ចពិភពលោក​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​ជំងឺ Covid-19 ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏បាន និង​កំពុង​ទទួល​ឥទ្ធិពល​អវិជ្ជមាន​នេះ​ផងដែរ ពិសេស​វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សំណង់។

រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​វិធានការ ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ១។ ជាមួយគ្នានេះ វិធានការ​គាំទ្រ ចំពោះ​វិស័យ​ដែល​ប៉ះពាល់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ត្រូវបាន​ដាក់​ជា​បន្តបន្ទាប់ ដែល​បាន​កាត់បន្ថយ​ផលប៉ះពាល់ និង​រក្សា​និរន្តរភាព​នៃ​អាជីវកម្ម ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា​លឹម ហេង ​បាន​មានប្រសាសន៍ថា ច្បាប់​វិនិយោគ​ថ្មី ដែល​បាននិងកំពុង​ធ្វើ​សមាហរណកម្ម និង​អនុម័ត​ឲ្យ​ប្រើប្រាស់​នាពេល​ខាង​ង​មុខ នឹង​ផ្តល់​បរិយាកាស​វិនិយោគ ពិសេស​លើកទឹកចិត្ត​អ្នកវិនិយោគ​ក្នុងស្រុក​ឲ្យ​ទទួលបាន​នូវ​ឳ​កាស​បន្ថែមទៀត ក្នុងការ​បង្កើត​អាជីវកម្ម និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ពិសេស​កាត់បន្ថយ​ការិយាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បន្តថា “ខ្ញុំ​បានស្នើ​រដ្ឋាភិបាល​ឲ្យ​សភាពាណិជ្ជកម្ម​ខេត្ត អាច​អនុម័ត​គំរោង​វិនិយោគ​ពី២លាន​ដល់៧លាន​ដុល្លារ​អាមេរិក និង​មិនចាំបាច់​មកសុំ​ច្បាប់​នៅតាម​ស្ថាប័ន​ពាក់​ព័​ន្ឋ​ច្រើន​នោះទេ ដែល​ការស្នើសុំ​នេះ​បានទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​ហើយ។លោក​បន្តថា “ច្បាប់​វិនិយោគ​ថ្មី ពិតជា​នឹង​ផ្តល់​ឳ​កាស​ដល់​អ្នកវិនិយោគ​ជា​តិ អន្តរជាតិ​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ​នៅ​កម្ពុជា​បន្ថែមទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here