ដោយៈសុខុម
សិង្ហបុរី: ក្រុមហ៊ុនហៅតាក់ស៊ីជិះតាម App និងទូទាត់ទំនិញតាមអនឡាញ Gojek និងក្រុមហ៊ុនធ្វើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឈានមុខគេ Tokopedia របស់ឥណ្ឌូនេស៊ី កំពុងចរចាគ្នាដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នា នៅមុនការចុះបញ្ជីចូលក្នុងផ្សារភាគហ៊ុនក្នុងក្រុងហ្សាការតា និងសហរដ្ឋអាមេរិក ដែលអាចកើតមានឡើង។ នេះបើយោងតាមប្រភពបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារទី៥ ធ្នូកន្លងមកនេះ។
គេហទំព័រ The Edge Markets បានចុះផ្សាយកាលពីថ្ងៃទី៥ មករា ដើមឆ្នាំនេះថា ការចរចានេះធ្វើឡើង ខណៈពេលក្រុមហ៊ុនចំណាស់មួយទសវត្សរ៍ទាំង២នេះ ព្យាយាមបង្កើនប្រាក់ចំណេញ តាមរយៈការផ្ដល់សេវាផ្សេងៗ ដូចជា ការទិញគ្រឿងទេស និងកក់ការណាត់ធ្វើសក់ជាដើមក្រោម Platform តែមួយ។
ក្រុមហ៊ុនទាំង២នេះ ក៏បាននិងកំពុងទទួលផលប្រយោជន៍ ពីគោលនយោបាយនៅផ្ទះឈ្នះកូវីដ១៩ផងដែរ ដែលបានធ្វើឱ្យកើនឡើងនូវតម្រូវការដឹកជញ្ជូនអាហារ និងការទូទាត់តាមអនឡាញ (E-payment) នៅក្នុងប្រទេសដែនកោះមួយនេះ ដែលជាទីផ្សារ E-commerce កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក Varun Mittal ប្រធានផ្នែកអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំងប្រចាំក្រុមហ៊ុន Ernst & Young ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានលើកឡើងថា ការចុះបញ្ជីជាអន្តរជាតិសម្រាប់ក្រុមហ៊ុន អ៊ីនធឺណិតថ្នាក់តំបន់ នឹងជួយត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងជាច្រកចេញសម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មី ដែលទទួលបានកំណើនខ្ពស់ផ្សេងៗទៀត ចេញផុតពីតំបន់ទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកវិនិយោគរួមក្នុងក្រុមហ៊ុនទាំង២រួមមាន ក្រុមហ៊ុន Temasek Holdings Pte Ltd ក្រុមហ៊ុន Sequoia Capital និងក្រុមហ៊ុន Google។ ក្រុមហ៊ុន Alibaba Group Holding Ltd និងក្រុមហ៊ុន SoftBank Group Corp ស្ថិតក្នុងចំណោមអ្នកវិនិយោគក្នុងក្រុមហ៊ុន Tokopedia ចំណែកឯអ្នកវិនិយោគក្នុងក្រុមហ៊ុន Gojek រួមមានក្រុមហ៊ុន Warburg Pincus LLC និងក្រុមហ៊ុន Tencent Holdings Ltd។
មនុស្ស៣នាក់ ដែលដឹងពីបញ្ហានេះផ្ទាល់បានបង្ហើបថា កាលពីចុងខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Gojek និងក្រុមហ៊ុន Tokopedia បានព្រមព្រៀងធ្វើសវនកម្ម លើអាជីវកម្មរបស់គ្នាទៅវិញទៅមក៕