ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីកម្ពុជា និងភាគីជប៉ុន បានបើកកិច្ចប្រជុំក្រុមបច្ចេកវិទ្យាកំពង់ផែអាស៊ាន-ជប៉ុន លើកទី២៣ ដើម្បីពិនិត្យ និងពិភាក្សាលើការបញ្ចប់គោលការណ៍ណែនាំ សម្រាប់ការសម្រេចបានកំពង់ផែអព្យាក្រឹតកាបូន ក្នុងតំបន់អាស៊ាន។
លោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងលោកKANEMARU Keisuke ប្រធានការិយាល័យផែនការ គោលនយោបាយអន្តរជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមបច្ចេកវិទ្យាកំពង់ផែអាស៊ាន-ជប៉ុន លើកទី២៣។
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន (ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី) លេខាធិការដ្ឋានអាស៊ាន JICA Overseas Coastal Area Development Institute of Japan (OCDI) ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ២ សំខាន់ៗរួមមាន ១). ចែករំលែកអំពីស្ថានភាពការសម្រេចបាន កំពង់ផែអព្យាក្រឹតកាបូន ក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន និង២). ពិនិត្យ និងពិភាក្សាអំពីការបញ្ចប់គោលការណ៍ណែនាំ សម្រាប់ការសម្រេចបានកំពង់ផែអព្យាក្រឹតកាបូននៅក្នុងតំបន់អាស៊ាន។
ក្នុងឱកាសនោះ លោកឈៀង ពេជ្របានជម្រាបជូនអង្គប្រជុំផងដែរអំពីគោលជំហររបស់កម្ពុជា នឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគោលការណ៍ណែនាំ សម្រាប់គោលការណ៍ណែនាំ ក្នុងការសម្រេចបានកំពង់ផែអព្យាក្រឹតកាបូននៅក្នុងតំបន់អាស៊ាន។
គណៈប្រតិភូបណ្ដាប្រទេសសមាជិកអាស៊ាន និងអ្នកចូលរួមកិច្ចប្រជុំទាំងអស់ ក៏បានធ្វើដំណើរទស្សនកិច្ច នៅកំពង់ផែស្វយ័តភ្នំពេញ (LM17) ដើម្បីស្វែងយល់ពីដំណើរការទូទៅរបស់កំពង់ផែ៕










