ដោយៈ ម៉ាលីនណា
ភ្នំពេញៈ នាយកអង្គការស្បៀងអាហារនិងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ លោក Dominique Burgeon បានបង្ហាញចំណាប់អារម្មណ៍ ក្នុងកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការប្រើប្រាស់ដី ដែលបោសសម្អាតមីនរួចសម្រាប់វិស័យកសិកម្ម។
ចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅពេលលោក Dominique Burgeon ជួបជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៤ ខែធ្នូកន្លងទៅ។ នេះបើតាមអាជ្ញាធរមីន។
នៅក្នុងជំនួបនេះ លោក លី ធុជ បានជម្រាបលោក Burgeon អំពីសមិទ្ធផលសម្រេចបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីន ជាពិសេសការរួមចំណែកដ៏សំខាន់សម្រាប់សកម្មភាពអភិវឌ្ឍន៍ជាតិ តាមរយៈការលើកកម្ពស់វិស័យកសិកម្ម។
លោក លី ធុជបានឲ្យដឹងថា ផ្ទៃដីបោសសម្អាតមីនរួចជាង៧០% ត្រូវបានយកមកប្រើប្រាស់សម្រាបវិស័យកសិកម្ម និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ការធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជាការលើកកម្ពស់ជីវភាព របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
អាជ្ញាធរមីនបានថ្លែងថា លោក Dominique Burgeon បានវាយតម្លៃខ្ពស់ ដល់សមិទ្ធផលសកម្មភាពមីនកម្ពុជា ព្រមទាំងបានបង្ហាញពីកិច្ចការសំខាន់ៗ មួយចំនួនរបស់អង្គការFAO។
បន្ថែមពីលើនេះ លោកក៏បានចាប់អារម្មណ៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់សកម្មភាពរបស់ប្រជាជន ជាពិសេសលើវិស័យកសិកម្ម នៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួចរាល់។
អាជ្ញាធរមីនអះអាងថា “លោក Dominique Burgeon គ្រោងនឹងរៀបចំ ឱ្យមានការពិភាក្សាជាបន្តបន្ទាប់ទៀត ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងគ្នា បានចេញជារូបរាងឡើង”៕









