សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (តំបន់សៀមរាប) បេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ នៅខេត្តសៀមរាប

ដោយ៖ សហការី

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក François SCHNOBELEN ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងរាយការណ៍អំពីគំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគមដែលបានជឿជាក់ដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើងដោយសមាគម។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនសមាគមពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (ប្រចាំខេត្តសៀមរាប) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាសម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ដោយសារប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព និងភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជាមួយការអភិវឌ្ឍគ្រប់វិស័យ តាមរយៈកត្តាសុខសន្តិភាព។ លោកប្រធានសភាពាណិជ្ជកម្ម បានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនបារាំងឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅ និងប្រកបដោយការស្ថាបនាលើកិច្ចសហការរួមគ្នា ជាលក្ខណៈបុរេសកម្ម ដើម្បីរៀបចំភូមិហ្រ្វង់កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយខ្លឹមសារស៊ីជម្រៅ និងបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រមទាំងអ្នកចូលរួមក្នុងការកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ ខាងមុខ ឱ្យបានទូលំទូលាយដល់ពិភពលោក។​

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here