ខេត្តកំពត​បន្ត​អនុវត្តន៍​តាម​ផែនការមេ​ឈានដល់​ការពង្រីក​សួន​តាមបណ្តោយ​មាត់​ព្រែក​កំពត

ដោយៈ វុត្ថា

កំ​ពតៈ រដ្ឋបាល​ក្រុង​កំពត​បាននិងកំពុង ពង្រឹង​ការ​អនុវត្តតាម​ប្លង់គោល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង រួមមាន​ការវាស់វែង​ចុះបញ្ជី​ក្បាលដី​លក្ខណៈ​ជា​ប្រព័ន្ធ ការកំណត់​ព្រំដែន​ដែន​ផ្លូវថ្នល់ ផ្លូវទឹក និង​ទីតាំង​លំនៅដ្ឋាន​កម្មសិទ្ធិ ជាពិសេស​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ក្រុង ដែល​រហូតមក​ដល់ពេលនេះ ឈានដល់​ដំណាក់កាល​ពង្រីក​សួន​តាម​បណ្តោយ​មាត់​ព្រែក​កំពត។

លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​នៅ​ល្ងាច​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បាន​មានប្រសាសន៍ថា ក្រោម​ការ​អនុវត្តតាម​គោលនយោបាយ​របស់​រាជា​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខេត្តកំពត​ទៅជា​គោលដៅ​ទេសចរណ៍​កម្រិត​ខ្ពស់ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បាន​យកចិត្តទុកដាក់ ក្នុងការ​ពង្រឹង​លើ​ការអភិវឌ្ឍ និង​កែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “ពេលនេះ​រដ្ឋបាលខេត្ត ក្រុង បាន​និង​បន្ត​ការអនុវត្ត​នូវ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដល់​ការពង្រីក​សួន​នៅតាម​បណ្តោយ​មាត់​ព្រែក​កំពត ដោយ​ក្នុងនោះ​មានការ​បែងចែក​ជា២ រួមមាន​ទីតាំង​សួន​មាត់​ព្រែក និង​ទីតាំង​សម្រាប់​ចំណត​រ៉ឺម៉ក  ឱ្យបាន​សមរម្យ” ។

ទី១ ទីតាំង​មាត់​ព្រែក​ខាងជើង​ស្ពាន​ចាស់ ដើម្បី​ពិនិត្យ​លទ្ធភាព​ពង្រីក និង​កែលម្អ​សួនច្បារ​ឲ្យ​ធំ​ទូលាយ ដើម្បី​កែលម្អ​សោភ័ណភាព​ទីក្រុង​កំពត ដែលជា​ទីក្រុង​ទេសចរណ៍​ទទួលបាន​ពានរង្វាន់​រំដួល៣ទង និង​ជាទី​ក្រុង​ស្អាត​នៅ​អាស៊ាន​កាន់តែ​ស្រស់ស្អាត។ ក្នុងនោះ លោក​អភិបាលខេត្ត បានស្នើ​ឲ្យ​ជំនាញ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ព្រែក ដើម្បី​ចាក់​ខ្សាច់​ប្រវែង​ប្រមាណ១៥ម៉ែត្រ​បន្ថែមទៀត សម្រាប់​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​សួនច្បារ និង​ផ្លូវ​ជាដើម។

ទី២ ចុះ​ពិនិត្យ​ទីតាំង​ចំណត​រ៉ឺម៉ក ស្ថិតនៅ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដើម្បី​ឲ្យ​មាន​សោភ័ណភាព​សម្រាប់​រ៉ឺម៉ក​មាន​ទីតាំង​ចត​សមរម្យ។ ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អ្នកវិនិយោគ នៅក្នុង​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​ស្ដារ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ​បេតុង និង​បន្ទប់ទឹក​អនាម័យ​ជាដើម។

នៅក្នុង​ផែនការ​របស់​រដ្ឋបាល​ខេត្ត បានលើកឡើង​ពី​គម្រោង​ស្ដារ​ព្រែក​កំពត និង​កែលំអរ​សោភ័ណភាព តាម​ដងព្រែក​ឱ្យបាន​កាន់តែ​ល្អប្រសើរ ប្រកបដោយ​អនាម័យ​បរិស្ថាន ធានាបាន​សុខមាលភាព​សាធារណៈ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ មក​ទស្សនា​កំសាន្ត​នៅ​ខេត្តកំពត​ឱ្យបាន​កាន់តែ​ច្រើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here