ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកវេង សុធីបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្តីពី “ការកសាងជំនាញក្នុងការចរចា ការអនុវត្ត និងអនុលោមភាពវិធានដើមកំណើតទំនិញ និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (OCPs)”។
វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម ក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ(UNCTAD) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម អន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជនជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹងស៊ីជម្រៅ និងសមត្ថភាពចរចា របស់អ្នកចូលរួមទាក់ទងនឹងវិធានដើមកំណើតទំនិញ ដោយផ្តោតលើការអនុវត្តជាក់ស្តែង និងអំពីនីតិវិធីប្រតិបត្តិបញ្ជាក់ដើមកំណើតទំនិញ ការផ្ទៀងផ្ទាត់ ព្រមទាំងការសិក្សាករណីបញ្ហាប្រឈមទាក់ទង នឹងប្រភពដើមទំនិញ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោករដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញ និងចូលរួមក្នុងការពិភាក្សាលើករណីសិក្សា ការសួរសំណួរឱ្យបានផុសផុល ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕








