ដោយៈម៉ាណេត
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩ ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានហាមនូវការប៉ះពាល់ដោយផ្ទាល់ រួមទាំងការប៉ះតៗគ្នាក្រដាសប្រាក់ផងដែរ ដែលជាហេតុធ្វើឱ្យការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុកាន់តែមានសន្ទុះកើនឡើងខ្ពស់។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា និងជានាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍នៅថ្ងៃទី៣១ធ្នូ២០២០កន្លងមកថា ដោយសារតែកូវីដ១៩ រាលដាលនៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានជំរុញឱ្យពលរដ្ឋកម្ពុជាជាច្រើនបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការទូទាត់របស់ខ្លួនជំនួសឱ្យការទូទាត់តាមក្រដាសប្រាក់ ។
លោកបន្តថា “ពលរដ្ឋអាចជ្រើសរើសយក App របស់ធនាគារណាមួយសម្រាប់ការទូទាត់របស់ខ្លួន ដូចជាការបង់ទឹកភ្លើង និងទិញកាតទូរសព្ទជាដើម ។ ម្យ៉ាងទៀតពលរដ្ឋក៏អាចទាញយកកម្មវិធីទិញទំនិញតាមអនឡាញ ដោយមិនចាំបាច់ទៅទិញទំនិញដោយផ្ទាល់នោះដែរ និងអាចឱ្យអ្នកដឹកជញ្ជូន ដឹកមកដល់មុខផ្ទះទៀតផង” ។ លោកបន្តថា “ក្រៅពីនេះនៅពេលចង់ចេញធ្វើដំណើរទៅក្រៅ ក៏លែងឈរចាំជិះតាក់ស៊ី ឬមធ្យោបាយធ្វើដំណើរនៅតាមផ្លូវទៀតដែរ គឺគ្រាន់តែប្រើទូរសព្ទអាចកក់មធ្យោបាយធ្វើបានដូចគ្នា ។ នេះគឺជាភាពងាយស្រលសម្រាប់ពលរដ្ឋក្នុងសម័យបច្ចេកវិទ្យា” ។
លោកបន្ថែមថា បណ្ដាធនាគារទាំងអស់នៅកម្ពុជា ក៏បានខិតខំធ្វើបច្ចុប្បន្នភាព App របស់ខ្លួនសម្រាប់សម្រាប់ផ្ដល់ជូនអ្នកប្រើប្រាស់ផងដែរ ជាក់ស្ដែងធនាគារអេស៊ីលីដា ក្នុងឆ្នាំ ២០២១នេះក៏បានធ្វើបច្ចុបន្នភាព សម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជន ហើយជាការកត់សម្គាល់ក្នុងឆ្នាំ២០២០នេះ កំណើនអ្នកប្រើប្រាស់ App បានកើនឡើងគួរ ឱ្យកត់សម្គាល់ ។
លោកអ៊ិន ចាន់នី បានបញ្ជាក់ថាគ្នុងឆ្នាំ ២០២១ នេះលោកជឿជាក់ថា វិស័យធនាគារនឹងអាចប្រសើរឡើង ទោះបីជាកូវីដ១៩ផុតឬមិនទាន់ផុតក្ដី ព្រោះថាក្នុងឆ្នាំ ២០២០ទោះស្ថិតនៅក្នុងការរីករាលដាលខ្លាំងក្ដី ក៏ឃើញថាដំណើរការវិស័យធនាគារនៅតែដំណើរការទៅមុខជាលំដាប់ ដោយមានការជួយជ្រោមជ្រែង ពីធនាគារជាតិនៃកម្ពុជាផងដែរ។
បណ្ដាធនាគារក៏ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត បានអភិវឌ្ឍន៍នូវប ច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ សម្រាប់ផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់របស់អតិថិជន ក្នុងពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕