រដ្ឋាភិបាលកម្ពុជានឹងបោះលក់ប័ណ្ណបំណុលជាង៥០០លានដុល្លារ នៅឆ្នាំ២០២៦

ដោយៈ ម៉ាណា

    ភ្នំពេញៈ ការសម្រេចបោះផ្សាយមូលបត្របំណុល ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសារពើពន្ធដ៏ប្រុងប្រយ័ត្ន និងសម្លឹងឆ្ពោះទៅមុខ ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យមានតុល្យភាព រវាងតម្រូវការហិរញ្ញប្បទានភ្លាមៗជាមួយនឹងគោលដៅអភិវឌ្ឍន៍រយៈពេលវែង។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កា​លពីថ្ងៃចន្ទបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងបោះផ្សាយមូលបត្ររដ្ឋដែលមានតម្លៃ២,១ទ្រីលានរៀល (ប្រហែល ៥២៤ លានដុល្លារ) ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការចំណាយវិនិយោគ និងរក្សាស្ថិរភាពថវិកាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការប្រកាសនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការស្វែងយល់អំពីការកសាង ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រងឆ្នាំ២០២៦ ដែលត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភានៅថ្ងៃដដែល។

លោកបានបញ្ជាក់ពីយុទ្ធសាស្ត្រសារពើពន្ធ របស់រដ្ឋាភិបាល ដោ​យបានគូសបញ្ជាក់ ពីផែនការខ្ចីប្រាក់ទាំងក្នុងស្រុក និងអន្តរជាតិ ដែលត្រូវបានរចនាឡើង ដើម្បីរក្សាសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា ចំពេលបរិយាកាសសកលកំពុងមានការផ្លាស់ប្តូរ។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលមានគម្រោងខ្ចីប្រាក់ក្នុងស្រុក ដោយការបោះផ្សាយមូលបត្ររដ្ឋចំនួន២,១ ទ្រីលានរៀល ស្មើនឹងប្រមាណ៥២៤លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយវិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ”។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកបានបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ទំហំ នៃការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ចំនួន២,២៥ប៊ីលាន សិទ្ធិដកប្រាក់ពិសេស (Special Drawing Rights-SDR) ស្មើនឹងប្រមាណ៣,១ប៊ីលានដុល្លារ ដែលជាការកើនឡើង២២៥លានSDR ពីឆ្នាំ២០២៥”។

លោកបានពន្យល់ថា ការកើនឡើងនៃការខ្ចីប្រាក់ គឺផ្អែកលើការពិចារណាសំខាន់ៗមួយចំនួន រួមទាំងតម្រូវការវិនិយោគសាធារណៈដែលកំពុងកើនឡើងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការអនុវត្តកម្មវិធី និងគម្រោងអាទិភាព ក្នុងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបង្កើនផលិតភាព និងតម្រូវការក្នុងការទទួលបានប្រាក់កម្ចីក្រោមលក្ខ​ខណ្ឌសម្បទានឬអនុគ្រោះ។

លោកបានកត់សម្គាល់ថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្ន និងរយៈពេលមធ្យមរបស់កម្ពុជានៅតែ “មានចីរភាព” និង“ហានិភ័យទាប” ដោយរដ្ឋាភិបាលបានប្តេជ្ញារក្សាស្ថិរភាពហិរញ្ញវត្ថុ ទន្ទឹមនឹងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តគម្រោង។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់រដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រដល់កំណើនប្រកបដោយចីរភាព និងពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងបំណុលដោយប្រុងប្រយ័ត្ន និងការវិនិយោគជាយុទ្ធសាស្ត្រនៅក្នុងវិស័យផលិតកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here