ដោយៈ ម៉ាលីនណា
ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ សម្របសម្រួលរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កិច្ចប្រជុំនេះ ស្ថិតក្នុងបេសកកម្មត្រួតពិនិត្យគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅផ្ទះសំណាក់លី ហួត ខេត្តព្រះវិហារ។
កិច្ចប្រជុំនេះដឹកនាំដោយលោកដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលវេទិកាសង្គមស៊ីវិល និងជាអ្នកគ្រប់គ្រងគម្រោង និងលោកកូវ មុនីរតន៍ ប្រធានក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី(ADB) និងចូលរួមដោយមន្រ្តីពាក់ព័ន្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកដួង វីរ័ត្ន បានវាយតម្លៃលើវឌ្ឍនភាពការងារ និងផលប៉ះពាល់របស់គម្រោង ដោយសារបញ្ហាព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការសហគមន៍ទេសចរណ៍ បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការអនុវត្តគម្រោងនេះ ទោះបីមានបញ្ហានៅតាមព្រំដែនក៏ដោយ។
អង្គភាពពាក់ព័ន្ធទាំងអស់ ក៏បានបង្ហាញនូវការគាំទ្រ និងចូលរួមចំណែកនៅក្នុងការអនុវត្តគម្រោងនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ក្រុមការងារពីធនាគាអភិវឌ្ឍន៍អាស៊ី បានណែនាំបន្ថែមអំពីនីតិវិធីអនុវត្តការងារ ក្រោមក្របខ័ណ្ឌធនាគាអភិវឌ្ឍន៍អាស៊ី និងលើកទឹកចិត្តឱ្យសហគមន៍ខិតខំអនុវត្តការងារ និងយកចិត្តទុកក្នុងការច្នៃប្រឌិត និងបង្កើនភាពទាក់ទាញទេសចរណ៍ នៅក្នុងសហគមន៍របស់ខ្លួន៕










