NBC: សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងអាចងើបឡើងវិញក្នុងរង្វង់៤%នៅឆ្នាំ២០២១

ដោយ: ម៉ាណេត
ភ្នំពេញ: ក្នុងបរិការណ៍ ដែលថ្នាំបង្ការមានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្នុង ឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងអាចងើបឡើងវិញក្នុងរង្វង់៤%។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

NBC បានឱ្យដឹងទៀតថា អត្រាអតិផរណានៅរំពឹងថាមានកម្រិតក្រោម៣% ដែលជាកម្រិតទាបអាចគ្រប់គ្រងបានជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។
ចំណែកឯ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានពី ៤% ទៅ ៦,៨%។ ទោះយ៉ាងណា ការព្យាករទាំងនេះអាស្រ័យជាចម្បងលើប្រសិទ្ធភាពនៃថ្នាំបង្ការ ល្បឿននៃការងើបឡើងវិញនៃកំណើន ក្នុងប្រទេសជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។

NBC បានឱ្យដឹងទៀតថា “ស្ថិតក្នុងបរិការណ៍ខាងលើនេះ ការបន្តពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកថែមទៀតនឹង ជួយទ្រទ្រង់និងបន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារការធ្លាក់ចុះវិស័យខាងក្រៅ។ ដូច្នេះ ការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម, ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យមានសារសំខាន់ ណាស់ក្នុងការពង្រឹងមូលដ្ឋានកំណើនសកម្មភាពក្នុងស្រុក”។

ជាមួយគ្នានេះ វិស័យកសិកម្មនឹងបន្តជាវិស័យដ៏សំខាន់ និងមានសក្តានុពលខ្ពស់ ដែលអាចជួយស្របឥទ្ធិពលមួយផ្នែកនៃវិបត្តិ ដូចជាភាពអត់ការងារធ្វើ ឬជួយគាំទ្រជីវភាពប្រជាជនក្រីក្រ។ ម៉្យាងទៀត ការពនឿនការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើង កាន់តែឆាប់រហ័សពីវិបត្តិនាបច្ចុប្បន្ននេះ។
លើសពីនេះ ការចាប់ផ្តើមទទួលបានចំណូលពីការផលិតប្រេងនៅកម្ពុជា នឹងផ្តល់ជាប្រភពថវិកាជាតិមួយទៀត សម្រាប់ការអភិវឌ្ឍវិស័យអាទិភាពនានានៅពេលខាងមុខ។

សំខាន់ដូចគ្នានេះ វិស័យធនាគារនិងហិរញ្ញវត្ថុនឹងបន្តដើរតួនាទីគន្លឹះមួយ ក្នុងការគាំទ្រ សកម្មភាពសេដ្ឋកិច្ច ព្រមទាំងរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here