ដោយៈសុខុម
គូឡាឡាំពួ: ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ នៃប្រទេសម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃច័ន្ទទី២៨ ធ្នូថា ម៉ាឡេស៊ី បានកំណត់យកពន្ធបណ្ដោះអាសន្នលើការនាំចូលដែកប្រភេទខ្លះ ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដោយរង់ចាំសេចក្ដីសន្និដ្ឋាននៃការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃ។
ក្រសួងនេះបានលើកឡើងថា ការស៊ើបអង្កេតបឋម ដែលធ្វើឡើងជួសមុខឱ្យក្រុមហ៊ុនផលិតផលផ្ដាច់មុខមួយរបស់ម៉ាឡេស៊ី បានរកឃើញភ័ស្ដុតាងគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការស៊ើបអង្កេតបន្ថែម លើការនាំចូលដែករ៉ូឡូ ដែកសន្លឹក ឬដែកប្រភេទផ្សេងៗទៀត។
ក្រសួងដដែលបានបន្ថែមទៀតថា “ហេតុដូចនេះ រដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការបណ្ដោះអាសន្ន ដែលនោះគឺជាការកំណត់យកពន្ធបណ្ដោះអាសន្ន លើការលក់បង្ខូចតម្លៃដែលធានាដោយរបស់ដាក់ធានា” ។
ក្រសួងបានបញ្ជាក់ថា របស់ដាក់ធានានោះ ត្រូវមានតម្លៃស្មើនឹងទំហំទឹកប្រាក់នៃការលក់បង្ខូចតម្លៃ ដែលត្រូវបានកំណត់នៅក្នុងការស៊ើបអង្កេតបឋម។
ពន្ធបណ្ដោះអាសន្ននេះគឺយកចន្លោះពី ៧,៧៣% ដល់ ៣៤,៨២% ប៉ុន្តែមិនលើសពីរយៈពេល១២០ថ្ងៃឡើយ ដោយរាប់ចាប់ពីថ្ងៃទី២៦ ធ្នូ ឆ្នាំនេះតទៅ។ ការកំណត់ចុងក្រោយលើការស៊ើបអង្កេតរបស់ក្រសួង នឹងធ្វើឡើងត្រឹមថ្ងៃទី៣១ មេសា ឆ្នាំ២០២១ ។
ទន្ទឹមនឹងនេះដែរ កាលពីសប្ដាហ៍មុន ប្រទេសម៉ាឡេស៊ី ទើបតែបានកំណត់យកពន្ធលក់បង្ខូចតម្លៃលើ ផលិតផលដែករ៉ូឡូពីប្រទេសចិន កូរ៉េខាងត្បូង និងវៀតណាម បន្ទាប់ពីផលិតដែកទាំងនោះ ត្រូវបាននាំចូលក្នុងតម្លៃទាបជាងតម្លៃ លក់ចេញនៅក្នុងប្រទេសដែលនាំចូល៕