ដោយៈ ម៉ាណា
កំពង់ធំៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន បានជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBSTប្រវែង៩.៦០គីឡូម៉ែត្រ ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថាជាការពិតណាស់ ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងពីថ្នាក់ដឹកនាំខេត្ត ដែលបានដឹកនាំ ធ្វើឱ្យមានការអភិវឌ្ឍលើវិស័យ អភិវឌ្ឍន៍ជនបទ ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ។
លោកបញ្ជាក់ថា “សមិទ្ធផលពេលនេះគឺពិតជាបាន ចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅ ក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាព ក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើទៅធ្វើបុណ្យទាន និងប្រកបមុខរបរកសិកម្ម ដឹកជញ្ជូនផលកសិកម្ម ការសិក្សារបស់សិស្សានុសិស្ស និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនឃុំទៀត”។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកនួន ផារ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតែងតែគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅតាមជនបទ ពិសេសគឺផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។
ជាក់ស្ដែងការចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ នៅឃុំត្រពាំងឬស្សីនេះ គឺងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយចំណេញពេលវេលា ក្នុងការដឹកជញ្ជូនកសិផល និងមានបងប្អូនប្រជាពលរដ្ឋ មករស់នៅកាន់តែច្រើនទៀតផង៕










