កម្ពុជារំពឹងប្រមូលផលស្រូវបានប្រមាណ១៤លានតោននៅឆ្នាំ២០២៥-២០២៦

ដោយៈ ម៉ាណា

    ភ្នំពេញៈ អង្គការ​ស្បៀងអាហារ និង​កសិកម្មសហប្រជាជាតិ(FAO)​បានព្យាករណ៍​ថា ទិន្នផល​ស្រូវនៅ​កម្ពុជា​ សម្រាប់​រដូវកាលឆ្នាំ២០២៥-២០២៦ នឹងប្រមូលបានប្រមាណ១៣,៩​លានតោន ដោយ​កើន​ឡើង​ខ្ពស់ ជាងមធ្យមភាគ៥ឆ្នាំ​ចុងក្រោយ​ប្រមាណ​១០%។

ជាមួយគ្នានេះ ដំណាំ​ពោតក្រហម ​ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតចំណីសត្វ ​​អាចប្រមូលបានប្រមាណ ១,៤ លាន​តោន​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករបឋមរបស់FAO កាលពី​ថ្ងៃទី ២៥ ខែសីហា បានឱ្យ​ដឹង​ថា ការដាំដំណាំស្រូវនៅ​រដូវវស្សា ឆ្នាំ​២០២៥-២០២៦ ដែលមានចំនួនប្រហែល៧០% នៃការ​ដាំដុះ​ប្រចាំឆ្នាំ ត្រូវគេរំពឹងថានឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ​២០២៥ ​នេះ​។

យោងតាមការប៉ាន់ប្រមាណ ​គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ ផ្ទៃដីប្រហែល២,៧​លានហិកតា ​ត្រូវបានដាំដុះដំណាំ​ស្រូវ ដែលចំនួន​នេះ​គឺ​ជិតដល់កំណត់ត្រា នា​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

អង្គការបានបន្តទៀតថា រដូវខ្យល់មូសុងពីខែឧសភា ដល់ខែតុលា បានចាប់ផ្តើម ទាន់ពេលវេលានៅដើមខែឧសភា ហើយបរិមាណទឹកភ្លៀងជាមធ្យមកើន​លើសមធ្យម រហូតដល់ដើមខែសីហា នៅបណ្តាខេត្តដែលផលិតស្រូវសំខាន់ៗ ដែល​នេះ​នឹង​ជួយដល់ការបង្កបង្កើនផល។ ផ្ទុយទៅវិញ នៅតំបន់ភាគខាងជើងមួយចំនួន បរិមាណទឹកភ្លៀងក្នុងខែកក្កដា និងសីហា មានកម្រិតទាបជាងមធ្យមភាគ ដែលរារាំង​ដល់​សកម្មភាពដាំដុះ និងប៉ះពាល់ដល់ការដាំដំណាំដំបូង​ៗ។

ដំណាំ​ស្រូវ​រដូវប្រាំង​ក្នុង​​ឆ្នាំ២០២៥-២០២៦ ដែល​មាន​ចំនួន​ប្រហែល៣០% ​​នៃ​ទិន្នផល​ប្រចាំឆ្នាំ​ នឹង​ត្រូវ​ដាំ​ដុះ​ចាប់ពី​ខែវិច្ឆិកា​ តទៅ។ ផលិតកម្មស្រូវសរុបក្នុង​ឆ្នាំ២០២៥-២០២៦ ត្រូវបានព្យាករបឋមថា នឹង​មានចំនួន១៣,៩លានតោន ដោយ​កើន​ឡើង​ប្រហែល ១០%​ លើសពី​មធ្យមភាគរយៈ​ពេល៥ឆ្នាំចុងក្រោយ​។

ដោយឡែកពោតក្រហម​ ត្រូវ​បាន​FAO បញ្ជាក់ថា ការដាំដំណាំពោតនៅ​រដូវវស្សា ឆ្នាំ២០២៥-២០២៦ ដែលមានចំនួនប្រហែល ៨០%​ នៃទិន្នផលប្រចាំឆ្នាំ​ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងខែសីហានេះ​។

បញ្ហា​ខ្វះខាតទឹកក្នុងតំបន់ខ្លះ ​នៃ​​ខេត្តបាត់ដំបង និង​ការ​ធ្លាក់​ចុះ​សំណើមក្នុងតំបន់មួយ​ចំនួន នឹងជះឥទ្ធិពលអវិជ្ជមានដល់ទិន្នផល ជាពិសេសដំណាំដែលដាំដំបូង(ដំណាំពោត ត្រូវ​បាន​កសិករ​ដាំដុះ​ចំនួន ២ដង​ក្នុង​១ឆ្នាំ)។ ដំណាំពោតក្រហម​រដូវប្រាំងបន្ទាប់បន្សំឆ្នាំ ២០២៥-២០២៦ ដែលស្មើនឹង​២០%​នៃទិន្នផលប្រចាំឆ្នាំ នឹងត្រូវដាំនៅអំឡុង​ខែកុម្ភៈ ឆ្នាំ២០២៦។

ទិន្នផលពោត​ក្រហម​សរុបក្នុងឆ្នាំ ២០២៥-២០២៦ ត្រូវបានព្យាករជាបឋមថា នឹងច្រើន​ជាង១,៤​លានតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here