ការនាំចេញ​របស់​កម្ពុ​ជា​រំពឹងថា​នឹង​នឹង​កើនឡើង​ខ្ពស់​បន្ទាប់ពី​កិច្ច​ព្រមព្រៀង RCEP ចូល​ជា​ធរមាន

ដោយៈ សាវុធ

ភ្នំពេញៈ ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​ផលចំណេញ ដោយសារ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ដែល​ប្រទេស​ចំនួន១៥ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ចូលរួម ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហាណូយ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ត្រូវបាន​ចុះហត្ថលេខា​នៅ​ចុងបញ្ចប់ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល៤ថ្ងៃ នៅ​ថ្ងៃទី១៥ខែវិច្ឆិកា ហើយនឹង​ត្រូវ​ពិនិត្យ​បំពេញបន្ថែម មុនពេល​ចូល​ជា​ធរមាន ដោយ​ដំណើរការ​នេះ​នឹង​ចំណាយពេល​រាប់​ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍​កាល​ចុង​សប្តាហ៍​កន្លងមកនេះ​ថា នៅ​ឆ្នាំ២០២១នេះ មានរឿង​វិជ្ជមាន​ជាច្រើន​សំរាប់​កម្ពុជា ទាំង​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ការអនុវត្ត​កិច្ចព្រមព្រៀង​ RCEP ការអនុវត្ត​កិច្ចព្រមព្រៀង​លើកលែង​ព​ន្ឋ (GSP)ពី​អង់គ្លេស​ដល់​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​កំនើន​នៃ​ការនាំចេញ​កម្ពុជា​កើនឡើង។

លោក​បន្តថា “ការវិនិយោគ​នៅ​កម្ពុជា កាន់តែ​ទាក់ទាញ​ច្រើន​ថែមទៀត ដោយ​ក្រុមហ៊ុន​ចិន អាមេរិក ជប៉ុន កូរ៉េ​ជាដើម​នឹង​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ដោយ​រួច​ព​ន្ឋ។

ប្រទេស​ហត្ថលេខី​ទាំង១៥ មាន​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ ដូចជា​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

RCEP ត្រូវបាន​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត នៅលើ​ពិភពលោក ដែល​គ្របដណ្តប់​ជិត​មួយ​ភាគបី នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​ប្រហែល ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP ត្រូវបាន​រំពឹងថា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ដែល​ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទទួលបាន​ផលប្រយោជន៍។

RCEP ផ្តោត​យ៉ាងខ្លាំង​លើ​ការកាត់បន្ថយ​ពន្ធ និង​បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​ចិន​ក៏​នឹង​ជះឥទ្ធិពល​វិជ្ជមាន ដល់​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ព្រោះ​ប្រទេស​ចិន​គឺជា​ទិសដៅ​សំខាន់​មួយ នៃ​ការនាំចេញ​របស់​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here