ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងស្រុកមួយទទួលបានដើមទុនបន្ថែម១០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន (WB Finance) ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា ទទួលបានដើមទុនបន្ថែមចំនួន ១០០ លានដុល្លារអាមេរិកពីម្ចាស់ភាគហ៊ុនតែមួយគត់របស់ខ្លួន ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ WB Finance ចេញផ្សាយក្នុងសប្តាហ៍នេះបានឱ្យដឹងថា ការទទួលបានដើមទុនបន្ថែមនេះធ្វើឱ្យដើមទុនចុះបញ្ជីសរុបរបស់ខ្លួនកើនឡើងរហូតដល់ ១៧៦ លានដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីជំរុញបន្ថែមនូវកំណើន និងពន្លឿនសក្តានុពលអាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបន្ថែមដើមទុនចុះបញ្ជីនេះ បង្ហាញឱ្យឃើញពីស្ថានភាពរឹងមាំរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញឱ្យឃើញពីកំណើនគួរជាទីមោទនៈនាឆ្នាំកន្លងមក។ ការបន្ថែមដើមទុនចុះបញ្ជីនេះក៏ជាសូចនាករមួយបង្ហាញអំពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ភាពទូលំទូលាយក្នុងចំណែកទីផ្សារ និង ដំណោះស្រាយផ្នែកសេវាហិរញ្ញវត្ថុសម្បូរបែបនាពេលអនាគតរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន។

លោកគីម ស៊ុនឃ្យូអគ្គនាយកប្រតិបត្តិ នៃដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ការដាក់បញ្ចូលបន្ថែមដើមទុននេះ គឺជាព្រឹត្តការណ៍គួរឲ្យកត់សម្គាល់មួយទៀត ដែលបង្ហាញអំពីការរីកចម្រើនដ៏លឿនរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន”។

លោកបានបន្ថែមថា “ខ្លួននឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវសេវាកម្មអតិថិជនរបស់ខ្លួន ក៏ដូចជាធ្វើឲ្យទំនើបកម្មនៃប្រព័ន្ធឌីជីថល និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីអោយសាកសមទៅនឹងការស់នៅបែបទាន់សម័យរបស់អតិថិជន”។

ធនាគារ អ៊ូរី បានក្លាយជាម្ចាស់ភាគហ៊ុន១០០% របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងឆ្នាំ២០១៨ ហើយបានគួបបញ្ចូលគ្នាជាមួយបុត្រសម្ព័ន្ធមួយទៀតរបស់ខ្លួនគឺ Woori Finance នាដើមឆ្នាំ២០២០។ ការដាក់បញ្ចូលបន្ថែមទុនចុះបញ្ជីនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ អ៊ូរី ចំពោះ ដាប់ប៊ែលយូប៊ី ហ្វាយនែន និងការបង្ហាញពីទំនុកចិត្តដ៏រឹងមាំចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ៧៨០ លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៥៩៧ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១២៤ លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here