បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត ៣០លានដុល្លារ ក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងលោក ប៉េង​ ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅចំណុចភូមិត្រពាំងផ្លុង​ សង្កាត់បាទី​ ក្រុងបាវិត ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៉ី​ ADB​ ក្នុងតម្លៃជិត ៣០លានដុល្លារ។

ក្នុងឱកាសនោះលោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញ តែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀ ​រហូតសម្រេចការអនុវត្ត គម្រោងនេះឡើងលើទឹកដីក្រុងបាវិត​ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៉ី (ADB )​ បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ​ហើយ មានក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលខេត្ត បានថ្លែងថា​ ពិធីបើកការដ្ឋាន​ក្រុងពាលីថ្ងៃនេះ​ គឺជា​សមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត​ ហើយសូមសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារ​ ADB ដែលបានផ្តល់ជូនសម្រាប់ការអនុវត្តគម្រោងទីក្រុងគួរឲ្យចង់រស់នៅ​នេះឡើង ហើយក៏ជាមោទនភាព ដោយក្រុងបាវិត គឺជាក្រុងមួយក្នុងចំណោម ក្រុងទាំង៣ មាន ក្រុងបាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត​ ដែលទទួលបាននូវគម្រោងដ៏មានតម្លៃនេះ ហើយក្នុងចំណោមអនុគម្រោង៥ មានពីរនៅក្រុងបាវិត គឺអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម (មានទីតាំងនៅ ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស) បានចូលរួមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះដំណើរការសាងសង់សម្រេចបានប្រមាណជា៥៤%)។

លោកថា «ថ្ងៃនេះ យើងបើកការដ្ឋានសាងសង់អនុគម្រោងទី២ គឺប្រព័ន្ធលូ និងស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលត្រូវប្រើពេលវេលាសាងសង់ ចំនួន ៣៦ខែ បញ្ចប់នៅឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកាសាងសង់ ប្រមាណជាង ២៩លានដុល្លារ»

លោកបានបន្ថែមថា​ គម្រោងនេះ​គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ​ បើប្រៀបធៀបពីមុន ក្រុងយើងតូច ប្រជាជនតិច មូលដ្ឋានអាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មផ្សេងៗ ក៏មិនសូវមាន​ ខុសពីបច្ចុប្បន្ន​ ក្រុងបាវិតមានការអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់​ ដោយបានប្រែក្លាយពីតំបន់ព្រំដែនធម្មតា ដែលមានសកម្មភាពសេដ្ឋកិច្ចតិចតូចទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផលិតកម្ម និងជាទីតាំងយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលបានដើរតួនាទីជាប្រភពការងារដ៏សំខាន់ មិនសម្រាប់តែប្រជាពលរដ្ឋនៅក្នុងខេត្ត តែក៏មានប្រជាពលរដ្ឋពី បណ្តាខេត្តផ្សេងៗ មកបម្រើការងារនៅទីនេះផងដែរ​ ហើយសព្វថ្ងៃមូលដ្ឋានក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ ៦កន្លែង និងមានរោងចក្រ ១២៤កន្លែង ជាទីផ្តល់នូវប្រភពការងារជិត ៧ម៉ឺននាក់ ដែលស្មើនឹងពាក់កណ្តាល នៃចំនួនកម្មករ ក្នុងខេត្តទាំងមូល។

លោកបញ្ជាក់ទៀតថា​ ទន្ទឹមការរីកចម្រើន​ ក៏មានបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ និងត្រូវធ្វើការគិតគូរដោះស្រាយ រួមមា​នហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តួយ៉ាងទីលានទុកដាក់សំរាម ក៏ដូចជាប្រព័ន្ធ លូនិងការធ្វើប្រព្រឹត្តិកម្ម ទឹកកខ្វក់នេះតែម្តង​ដូច្នេះហើយបានជាគម្រោងនេះ គឺពិតជាសមស្រម ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែង ដែលវាមិនត្រឹមតែចូលរួមចំណែក ធានាបាននូវការថែរក្សាបរិស្ថានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋទៅអនាគតផងដែរ៕ ប្រភព៖ freshnews

 

LEAVE A REPLY

Please enter your comment!
Please enter your name here