កម្ចី​ទិញ​ផ្ទះ​នៅ​មី​យ៉ាន់​ម៉ា​កើនឡើង​ខ្លាំង​គួរឱ្យភ្ញាក់ផ្អើល​អំឡុង​កូ​វីដ19

ដោយៈ​សុខុម

មី​យ៉ាន់​ម៉ាៈ អំឡុង​សម័យ​កូ​វីដ ខណៈ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​បាត់​បង់ការ​ងារ​ធ្វើ ថៅកែ​កាត់​ប្រាក់ខែ អាជីវកម្ម​ក្ស័យធន ឬ​ផ្អាក​ការរកស៊ី​ដោយសារ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត ដែល​ធ្វើឱ្យ​ពួកគេ​មាន​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ឬ​សូម្បី​គ្មាន​លុយ​សងបំណុល​ធនាគារ​នោះ បែរជា​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​សម្រុក​នាំគ្នា​ខ្ចីលុយ​ធនាគារ​ដើម្បី​ទិញ​ផ្ទះ​ទៅវិញ។

លោក U Khin Maung Than ប្រធាន​សមាគម​សេវា​អចលនទ្រព្យ​មី​យ៉ាន់​ម៉ា (Myanmar Real Estate Services Association) បាន​លើកឡើងថា អចលនទ្រព្យ​ប្រភេទ​លំនៅដ្ឋាន កំពុង​លក់ដាច់​ខ្លាំង​គួរឱ្យកត់សម្គាល់ អំឡុង​សម័យ​កូ​វីដ-១៩ ដោយ​ពលរដ្ឋ​ខ្ចីប្រាក់​ពី​ធនាគារ​មក​ទិញ។ នេះ​បើ​យោងតាម​កាសែត Myanmar Times ចុះផ្សាយ​កាលពី​ថ្ងៃទី២៣ ធ្នូ​កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​សមាគម​រូបនេះ​បាន​បន្តថា “កម្ចី​ទិញ​ផ្ទះ​នៅតែ​ទទួលបាន​ការពេញនិយម​ខ្លាំង​ក្នុងឆ្នាំនេះ ទោះបីជា​ចំនួន​អចលនទ្រព្យ​ដែល​លក់​នៅលើ​ទីផ្សារ​បាន​ធ្លាក់ចុះ​ក្ដី” ។

លោក U Nay Min Thu នាក​យ​គ្រប់គ្រង​គេហទំព័រ iMyanmarHouse.com បាន​ប្រាប់ថា តម្លៃ​ផ្ទះ​បាន​ធ្លាក់ចុះ ហើយ​ក្នុង​ករណីខ្លះ​អ្នកទិញ បាន​សុំ​បញ្ចុះតម្លៃ​រហូតដល់​ទៅជិត ៥០%ក៏មានដែរ។ ខណៈ​ធនាគារ​បន្ទាប​អត្រា​ការប្រាក់​ទាប​ជាង​ធម្មតា កម្ចី​ទិញ​ផ្ទះ​បាន​ក្លាយជា​ជម្រើស ដ៏​ទាក់ទាញ​សម្រាប់​អ្នក ដែល​កំពុង​សម្លឹង​ចង់​ហក់​ចូលក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​មី​យ៉ាន់​ម៉ា។

លោក​គូសបញ្ជាក់ថា “ពលរដ្ឋ​មាន​ចំណាប់អារម្មណ៍​ខ្លាំង លើ​គម្រោង​លំនៅដ្ឋាន​នៅ​ជាយក្រុង​យ៉ង់​ហ្គូ​ន (Yangon) និង​គម្រោង​លំនៅដ្ឋាន​ក្នុង​តំបន់ និង​រដ្ឋផ្សេងៗទៀត។ ក្នុង​ក្រុង​យ៉ង់​ហ្គូ​ន ពលរដ្ឋ​ចាប់អារម្មណ៍​លើ​អា​ផាត​ម៉ិ​ន ដែល​លក់​ក្នុងតម្លៃ​ក្រោម៥០ លាន​ខ្យា​ត (Kyat) (៣៧.៣០០ ដុល្លារ​អាមេរិក)” ។

ប្រធាន​សមាគម​អភិវឌ្ឍន៍​អចលនទ្រព្យ​មី​យ៉ាន់​ម៉ា លោក U Tin Maung បាន​និយាយថា ទីផ្សារ​អចលនទ្រព្យ​របស់​មី​យ៉ាន់​ម៉ា បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​វិធានការ​រឹតបន្តឹង​ពាក់ព័ន្ធ​វីរុស​កូ​វីដ-១៩ ដែល​ធ្វើឱ្យ​ការលក់​សរុប​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here