សាស្រ្តាចារ្យជប៉ុនមួយរូបស្វែងយល់ពីបច្ចុប្បន្នភាពនៃកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សាស្រ្តាចារ្យ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ បានមកសិក្សាស្វែងយល់ពីបច្ចុប្បន្នភាព នៃដំណើរវិវត្តន៍របស់កម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហាញដោយលោកស៊ុន ចាន់ថុល ឧបនា​យ​ករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)ក្នុងពេលអនុញ្ញាតឱ្យប្រតិភូសាស្រ្តាចារ្យ មកពីប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីសំណា​ក់លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

ជំនួបនារសៀលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បី គោរពស្នើសុំ ការចែករំលែកពីលោកឧបនាយករដ្ឋមន្ត្រី និងពិភាក្សាផ្លាស់ប្តូរយោល់ ក្នុងន័យស្វែងយល់បន្ថែមអំពី ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, និងគោលនយោបាយការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់លោកសាស្ត្រាចារ្យ និងប្រតិភូសាស្រ្តាចារ្យអមដំណើរ ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីតថភាពកម្ពុជានាពេលបច្ចុប្បន្ន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមចំណែកធំធេង ដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាំងពីដើមរៀងមក។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ក៏បានរំលេចអំពីគម្រោងនានាដែលទទួលបានជំនួយពីជប៉ុន រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកកខ្វក់ និងការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សេវាសុខាភិបាលជាដើម។

ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាវតានៃការស្តារប្រទេសជាតិឡើងវិញ បន្ទាប់ពីផ្តួលរលំរបបប្រល័​យពូជសាសន៍ រហូតទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ ជាមួយនឹងនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ក.អ.ក. បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតបរិយា​កាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) ដើម្បីលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជារីករាយស្វាគមន៍ ចំពោះការផ្តល់ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជាការបោះទុកវិនិយោគនា​នា​ពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និងគណនេយ្យភាពយ៉ាងប្រាកដប្រជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here