ការនាំចេញ​របស់ PPSP សម្រេចបាន​ទំហំ​ទឹកប្រាក់ ៥៤៧លាន​ដុល្លារ​ក្នុងរយៈពេល ១១ខែ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការនាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) មាន​ទំហំ​ទឹកប្រាក់៥៤៧លាន​ដុល្លារ ក្នុង​រយៈពេល១១ខែ​ឆ្នាំនេះ កើនឡើង១៣,៧ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ PPSP កាលពីថ្មីៗនេះ។

របាយការណ៍​បានឱ្យដឹង​ទៀតថា និ​យោ​ជិ​ក​សរុប​បាន​កើនឡើង​ពី២១.០០០ នាក់ ដល់២៦.០០០ នាក់ គិត​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិត​ត្រឹម​ថ្ងៃនេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន និង​កំពុង​ទទួលយក​វិនិយោគិន​ជាង៣០នាក់ មកពី​ប្រទេស​ជប៉ុន​ចិន និង​បណ្តា​ប្រទេស​ផ្សេងទៀត មក​អគារ​រោងចក្រ​ជួល។ក្នុងចំណោម ក្រុមហ៊ុន​បុត្ត​សម្ព័ន្ធ​របស់ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ Maru-T Ohtsuka (អ្នក​ផលិត​ឧបករណ៍​គូរគំនូរ) Sumi Wiring Systems (អ្នក​ផលិត​ខ្សែរ​រថយន្ត) Taiyo Kogyo អ្នក​ផលិត​ជាដើម។

អ្នកជំនាញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បានលើកឡើង​ថា “ការវិនិយោគ​ក្នុងស្រុក និង​វិនិយោគ​មកពី​បរទេស​នៅ​កម្ពុជា នៅ​ដំណើរការ​ជាធម្មតា ដោយ​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះឡើយ ពោលគឺ​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ត​អនុវត្ត​ការងារ​ជាធម្មតា” ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​បាន​អនុគ្រោះ និង​មានការ​យល់យោគ​ខ្ពស់​ជំរុញ​លើកទឹកចិត្ត ដើម្បី​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស មានឱកាស​ពង្រឹង​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន។

ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០ PPSP មាន​ចំណូល​សរុប​ចំនួន១០.២២៨.៨៧៧ ពាន់​រៀល កើនឡើង​ជាង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ចំនួន១.៦៧១.៦២៥ពាន់​រៀល ស្មើនឹង ១៩,៥៣% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន១.០៨៨.៧៦១ ពាន់​រៀល កើនឡើង​ចំនួន ៤.២១១.៨៧៤ ពាន់​រៀល​ស្មើនឹង ១៣៤,៨៦%បើ​ធៀប នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ ។

នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្ម​សរុប​រប​ស់​ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី​មាន​ចំនួន៣៨៧.៤៥៦.២៦៨ ពាន់​រៀល កើនឡើង​ចំនួន ៥.១០៧.១៦៤ ពាន់​រៀល ស្មើនឹង១,៣៤% និង​មូលធន​សរុប មាន​ចំនួន ២៤៤.១១៨.២០៦ ពាន់​រៀល កើនឡើង​ចំនួន ៣.៦៧៧.៨០៣ ពាន់​រៀល ស្មើនឹង ១,៥៣% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here