ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិន ចូលជួបសម្តែងការគួរសមនិងសំណេះសំណាល។
នាឱកាសនោះដែរ លោករដ្ឋមន្រ្តីបានថ្លែងស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមានគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ចគាំពារបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថា “ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីៗ ដែលត្រូវប្រើប្រាស់ក្នុងគ្រប់គ្រងបរិស្ថាន ដែលតម្រូវតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ”។
លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងបរិស្ថាន បានកំពុងផ្តោតលើភាពស្អាត របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាតលើផ្ទៃមេឃ ស្អាតលើដី និងស្អាតលើទឹក។ ចំពោះភាពស្អាតលើផ្ទៃមេឃ និងស្អាតលើដី ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងដាក់ចេញ ជាយុទ្ធនាការនានា ហើយបានទទួលលទ្ធផលល្អប្រសើរ ដោយមានការចូលរួមយ៉ាងច្រើន ពីគ្រប់ភាគី ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដោយឡែកភាពស្អាតក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងរិះរកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការសម្អាតទឹកកខ្វក់ចេញពីរោងចក្រ ដូចជា ការរៀបចំអាងប្រព្រឹត្តិកម្មទឹកកង្វក់ ស្របតាមបទដ្ឋានបច្ចេកទេសផង និងជួយសន្សំសំចៃជូនប្រជាជន និង វិនិយោគិនយើងផង នៅតាមតំបន់លំនៅឋាន រោងចក្រ សហគ្រាស និងទីប្រជុំជន។
លោកបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ថា ក្រុមហ៊ុនវិនិយោគ អាចបង្កើតការិយាល័យនៅកម្ពុជា ដើម្បីធ្វើការសិក្សា ស្វែងយល់ឱ្យកាន់តែច្បាស់ ពីឱកាសវិនិយោគដែលរាជរដ្ឋាភិបាល កំពុងលើកទឹកចិត្ត ក្នុងនោះការពិនិត្យលើស្ថានភាពជាក់ស្តែង លើគម្រោងវិនិយោគរៀបចំប្រពន្ធ័ប្រពឹត្តិកម្មទឹកកខ្វក់ ការផលិតបរិក្ខាបច្ចេកទេសសំអាតសំណល់រាវនានា នៅកម្ពុជា។ ក្រសួងបរិស្ថានគាំទ្រចំពោះផែនការរបស់ក្រុមហ៊ុន ដើម្បីរួមគ្នាធ្វើឱ្យបរិស្ថានកម្ពុជាយើង មានភាពស្អាត ភាពបៃតង និងចីរភាព។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិន រួមមា លោក Chen Zhiqiang នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd. និងលោកស្រី He Yawen លេខាធិការក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Jiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកវិនិយោគិន ប្រតិភូរបស់លោក ធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើនរបស់កម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញ ឱ្យមានការវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនរបស់លោក មានបំណងចូលរួមចំណែកជំរុញភាពស្អាត ជាមួយក្រសួងបរិស្ថានផងដែរ។
ប្រធានក្រុមហ៊ុនខាងលើបានលើកឡើងថា ក្រុមហ៊ុនធំៗ មកពីប្រទេសចិនទាំង៣ ដែលមានវត្តមាននៅថ្ងៃនេះ ធ្លាប់មានបទពិសោធន៍ជាង១០ឆ្នាំ លើការរៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវ នៅប្រទេសចិន ឥណ្ឌូនេស៊ី ឌូបៃ និងថៃ៕