ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការបង្កើនជើងហោះហើរថ្មីៗ ការមកដល់ម៉ាកយីហោសណ្ឋាគារលំដាប់ប្រណីត ការផ្សព្វផ្សាយកាន់តែសកម្មពីវិស័យទេសចរណ៍កម្ពុជា កំពុងធ្វើឲ្យជើងមេឃនៃឧស្សាហកម្មនេះ កាន់តែបង្ហាញសញ្ញាវិជ្ជមាន។
លោកគីម មិនានាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា វិស័យឯកជនកំពុងសហការជាមួយ CTB ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញចំនួនភ្ញៀវទេសចរ។
លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពី “Mapping the Target Markets for Cambodia Tourism’ ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយCTB សហការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) និង Sofitel Phnom Penh Phokeethra។
លោកបានមានប្រសាសន៍ថា “វិស័យឯកជន ពិតជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការជំរុញទេសចរណ៍។ ក្រុមហ៊ុន Air Cambodia អាកាសយានដ្ឋានសៀមរាប បានចូលរួមចំណែកជាទុនគ្រាប់ពូជរបស់CTB”។
លោកបន្តថា អ្នកផ្សេងទៀតជាច្រើន គាំទ្រកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង តាមរយៈការរួមចំណែក ចំពោះការធ្វើដំណើររបស់ FAM trip ពិព័រណ៍ពាណិជ្ជកម្មក្រៅប្រទេស និងសិក្ខាសាលា។ អ្នកខ្លះថែមទាំងចែករំលែកប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ ដើម្បីផ្សព្វផ្សាយកម្ពុជាជាសកល។
លោកគឹម មិនាបានបន្តថា “ខ្ញុំបានទទួលការបំផុសគំនិតដោយការប្ដេជ្ញាចិត្តរួម ដើម្បីទាញយកសក្តានុពលពេញលេញរបស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍លំដាប់ពិភពលោក”។
លោកបានមានប្រសាសន៍ថា គោលការណ៍ណែនាំបីរបស់ CTB គឺភាពធន់ ជំនឿ និងភាពជាដៃគូ។
លោកបញ្ជា្កក់ថា “វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា មានភាពធន់។ ម្តងហើយម្តងទៀត យើងបានប្រឈមនឹងបញ្ហាទាំងធំ និងតូច ហើយយើងនៅតែអាចបន្តដើរទៅមុខគ្រប់ពេល ដោយបានសម្របខ្លួន និងរីកចម្រើន”។
លោកបន្ថែមថា ក្នុងនាមជាយន្តការអនុវត្តរួមគ្នារវាងរដ្ឋ និងឯកជន ដែលមានអាណត្តិសម្រាប់ទីផ្សារក្រៅប្រទេស និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាCTB ត្រូវតែបង្ហាញពីភាពធន់ ប្រសិនបើយើងចង់ជោគជ័យ។
លោកបន្តទៀតថា រួមគ្នាជាមួយក្រសួងទេសចរណ៍ យើងបានធ្វើការ ដើម្បីធានាសេដ្ឋកិច្ចកាន់តែរីកចម្រើនសម្រាប់CTB ជាលទ្ធផលនៅថ្ងៃទី២៥ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ 108 ផ្តល់ស្វ័យភាពដល់CTB នេះ រួមទាំងសិទ្ធិក្នុងការប្រើប្រាស់ត្រារបស់យើងផងដែរ។ កន្លងមកCTB ដំណើរការក្រោមត្រារបស់ក្រសួង។
អនុក្រឹត្យថ្មីនេះក៏កំណត់ថា នាយកប្រតិបត្តិនៃCTB ត្រូវបានតែងតាំងដោយផ្ទាល់ តាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល តាមការស្នើសុំពីក្រុមប្រឹក្សាភិបាលរបស់យើង។ វាស្ថិតនៅក្រោមក្របខណ្ឌនេះដែលខ្ញុំត្រូវបានតែងតាំងជា នាយកប្រតិបត្តិម្តងទៀតនៅក្នុងខែមិថុនា។
លោកមិនា បានគូសបញ្ជាក់បន្ថែមថា នៅទូទាំងប្រទេសកម្ពុជា និងលើសពីនេះ យើងអាចជឿជាក់លើវិស័យទេសចរណ៍ ដែលមានភាពរីកចម្រើនជារៀងរាល់ថ្ងៃ ដែលចំនួនភ្ញៀវទេសចរកើនឡើងជាលំដាប់។
លោកបន្តថា ក្នុងរយៈពេលប្រាំខែដំបូងនៅឆ្នាំនេះ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ សរុបបានកើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។ ការមកដល់តាមអាកាសអន្តរជាតិ កើនឡើង២៣ភាគរយ ហើយភ្ញៀវអន្តរជាតិ មកទស្សនាអង្គរកើនឡើង១២ភាគរយ។
ដោយបង្ហាញពីសុទិដ្ឋិនិយម ចំពោះការវិនិយោគធំៗ លោកបានលើកឡើងថា “ការបើកសណ្ឋាគារ Shangri-La, TUI Blue Sihanoukville, និងVET Resorts នៅកោះស្តេច រួមជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិដូចជា LIV Golf Tour, Legend Golf Tour និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជា The Real Housewives of Beverly Hills គឺជាសញ្ញានៃភាពជឿជាក់”។
លោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងបង្កើនផ្លូវហោះហើរ និងជើងហោះហើររបស់ខ្លួន។ ជាក់ស្តែងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ជើងហោះហើរជិត៣០,០០០ បាននាំអ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កើនឡើង១០ភាគរយធៀបនឹងឆ្នាំមុន។
ផ្លូវហោះហើរថ្មីពីក្រុមហ៊ុន Emirates, Etihad, Turkish airlines, AirAsia, និងជើងហោះហើរផ្សេងទៀត កំពុងបើកប្រទេសរបស់យើងឱ្យកាន់តែទូលំទូលាយជាងមុន។”
ជាមួយគ្នានេះលោក Kim Sopheakrakboth សមាជិក CTB និងជាអ្នកជំនាញស្រាវជ្រាវទីផ្សារ បានបញ្ជាក់ថា ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាទីផ្សារសក្តានុពលនៅខាងក្រៅតំបន់អាស៊ាន។
បន្ថែមពីលើនេះ លោក Mohammed Al Qassim នាយកប្រចាំប្រទេសកម្ពុជា ប្រតិបត្តិការពាណិជ្ជកម្ម នៃក្រុមហ៊ុន Emirates មានប្រសាសន៍ថា ក្រុមហ៊ុនប្តេជ្ញាចិត្តចំពោះវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា៕