រដ្ឋាភិបាល​ជប៉ុន​គ្រោង​ផ្តល់​ថវិកា២,៤ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​ទីក្រុង​ឆ្លាត​វៃនៅក្នុង​មួយចំនួន​ក្នុង​តំបន់​អាស៊ាន

ដោយៈ សុខុម

តូ​ក្យូៈ រដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ផ្តល់​ថវិកា​ចំនួន២៥០ពាន់​លាន​យ៉េន ដែល​ស្មើនឹង២,៤ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ក្រុមហ៊ុន​ជប៉ុន ដើម្បី​អភិវឌ្ឍ​គម្រោង​ទីក្រុង​វៃឆ្លាត​តាម​ប្រទេស​នៃ​អាស៊ីអាគ្នេយ៍​ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​ការចុះផ្សាយ​របស់ គេហទំព័រ www.pinsentmasons.com ចុះផ្សាយ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ថវិកា​ទាំងនេះ​នឹង​រួមបញ្ចូល​ទឹកប្រាក់​ចំនួន៥០ពាន់​លាន​យេន ស្មើនឹង៤៨៣.៥លាន​ដុល្លារ​អាមេរិក ពី​សាជីវកម្ម​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក្រៅប្រទេស​របស់​ជប៉ុន​សម្រាប់​ការដឹកជញ្ជូន និង​អភិវឌ្ឍន៍​ទីក្រុង (JOIN)និង ទឹកប្រាក់២០០យេន ស្មើនឹង ១,៩ពាន់​លាន​ដុល្លារ ពី​ធនាគារ​ជប៉ុន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ(JBIC) ។

គេហទំព័រ​នេះ​បន្តថា រដ្ឋាភិបាល​ជប៉ុន នឹង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ជប៉ុន ឱ្យ​ចូលរួម​ក្នុង​គម្រោង​នានា នៅក្នុង​ទីក្រុង​ចំនួន២៦នៅក្នុង​ប្រទេស​ចំនួន១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)រួមមាន​ទីក្រុង​ហាណូយ​ហូ​ជី​ម៉ិ​ញ ទីក្រុង​ហ្សា​កាតា ទីក្រុង​បាងកក សិង្ហ​បុរី និង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ជាដើម។

ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍ នឹង​អាច​ចូលរួម​ដេញថ្លៃ​គម្រោង​នៅ​ចុងឆ្នាំ​នេះ ហើយ​គម្រោង​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នឹងត្រូវ​បានជ្រើសរើស​នៅ​និ​ទាឃ​រដូវ​ឆ្នាំ២០២១ ។

ពី​សាជីវកម្ម​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក្រៅប្រទេស​របស់​ជប៉ុន​សម្រាប់​ការដឹកជញ្ជូន និង​អភិវឌ្ឍន៍​ទីក្រុង (JOIN)កំពុង​ពិចារណា​លើ​វិធានការណ៍​នានា ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជប៉ុន បង្កើត​ការបណ្តាក់ទុន​រួមគ្នា ជាមួយ​ក្រុមហ៊ុន​ក្នុងប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ។ ចំណែក​JBIC នឹង​ពង្រីក​បណ្តាញ​ឥណទាន ដល់​កម្មវិធី​បរិស្ថាន​រួមមាន​កម្មវិធី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បង្កើន​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​និង​ការពារ​ការបំពុល​ខ្យល់​និង​ទឹក។ មូលនិធិ​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ជប៉ុន ក្នុង​គម្រោង​ទីក្រុង​ឆ្លាត​ក្នុង​តំបន់។

អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ លោក James Harris មកពី​ក្រុមហ៊ុន Pinsent Masons MPillay ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា នៅ​ប្រទេស​សិង្ហ​បុរី​រវាង​ក្រុមហ៊ុន MPillay និង​ក្រុមហ៊ុន Pinsent Masons ដែលជា​ក្រុមហ៊ុន​ច្បាប់ Out-Law បានឱ្យដឹងថា លោក​បានឃើញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​ការវិនិយោគ​ទីក្រុង​វៃឆ្លាត​ក្នុង​រយៈពេល២ទៅ ៣ ឆ្នាំ​កន្លងមកនេះ មុនពេល​មានការ​រាតត្បាត Covid-19 ។

លោក​បន្តថា “បើទោះជា​តំបន់​អាស៊ាន កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ក៏​នឹង​ការវិនិយោគ លើ​ទីក្រុង​វៃឆ្លាត​ថែមទៀត​ផងដែរ នៅតាម​ប្រទេស​នៃ​តំបន់​នេះ” ។ លោក​បន្តថា “វា​គឺជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ក្នុងការ​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍ លើ​គម្រោង​ទាំងនេះ ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ជប៉ុន​ឈានមុខ​គេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here