ដោយៈ និស្ស័យ
កណ្តាលៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកកឹម សុខុនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីស្នាក់ការ សមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពី លោកសេង ហុង អគ្គនាយករងសេវាពាណិជ្ជកម្ម លោកសួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោក លោកស្រីប្រធាន និងតំណាងមន្ទីរខេត្តពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងលោកស្រីប្រធានសមាគម លោក លោកស្រីអនុប្រធាន និងសមាជិកសមាគមជាច្រើនរូប។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា សមាគមអ្នកផលិតចម្លាក់ប្រាក់ ស្ពាន់ខេត្តកណ្តាល បានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ និងជាម្ចាស់ម៉ាកស្របច្បាប់ ព្រមទាំងទទួលបាននូវសិទ្ធិផ្តាច់មុខ ក្នុងការប្រើប្រាស់ម៉ាកសមូហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” តាមរយៈការចុះបញ្ជីម៉ាកសមូហភាពនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
លោកបន្តថា ចំពោះសាធារណជន និងទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានបំណងទិញចម្លាក់ប្រាក់ ស្ពាន់ ធ្វើដោយដៃជាវត្ថុអនុស្សាវរីយ៍ ឬប្រើប្រាស់ផ្ទាល់ខ្លួន ឬចង់មកទស្សនាការផលិតចម្លាក់ប្រាក់ស្ពាន់នេះ នៅក្នុងខេត្តកណ្តាល អាចទំនាក់ទំនងតាមរយៈទីស្នាក់ការសមាគមនេះ៕