អ្នកឧកញ៉ាល្បីឈ្មោះមួយរូបបោះទុន២៨លានដុល្លារដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តកោះកុង

ដោយៈ ម៉ាល័យ

    កោះកុងៈ ជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសបានចំណាយទុនរហូតដល់តម្លៃ២៨លានដុល្លារ ដើម្បីចូលរួមចំណែកលើកកំពស់ វិស័យទេសចរ​ណ៍ក្នុងខេត្តកោះកុង។

អ្នកឧកញ៉ាបានសាងសង់ រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ (Royal Beach Resort & Residence by EHM) ដែលមានអាងទឹកវែងជាងគេនៅកម្ពុជា និងតំបន់អាស៊ី ស្ថិតនៅជាប់មាត់សមុទ្រ និងមានបន្ទប់ស្នាក់នៅយ៉ាងប្រណិត រួចរាល់ជាស្ថាពរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាអគ្គនាយក បានបង្ហើបឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះបែបនេះថា “ក្តីសុបិនកាលពីឆ្នាំ២០២៤ នឹងសាងសង់រីស៊ត ដែលមានអាងទឹកវែងជាងគេនៅកម្ពុជា និងតំបន់អាស៊ី”។ អ្នកឧកញ៉ាបានបន្ថែមថា “ក្រោយពីក្រោកពីគេង ស្រាប់តែវាក្លាយជាការពិត មិនត្រឹមតែអាងទឹកវែងជាងគេនោះទេ វាបានក្លាយជារីស៊ត ដែលជាប់មាត់ឆ្នេរសមុទ្រធំជាងគេនៅកម្ពុជា អតិថិជនអាចជ្រើសរើសបន្ទប់ស្នាក់នៅច្រើនបែប”។

រមណីយដ្ឋាន𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌 ស្ថិតនៅលើកោះស្តេច តារាសាគរ ខេត្តកោះកុង ត្រូវបានបង្កើតឡើងដោយមាន វីឡាឯកជនជាប់មាត់សមុទ្រ និងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ព្រមទាំងមានអាងហែលទឹកវែងជាងគេបំផុត ប្រវែងដល់ទៅ២៥០ម៉ែត្រ។ រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ បានចាប់ផ្តើមបើកដំណើរការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងមកនេះ។

អ្នកឧកញ៉ា សួរ វីរៈបានឱ្យដឹងថា 𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌 មានបន្ទប់សរុបចំនួន ២៨០បន្ទប់, សាលប្រជុំ កន្លងហាត់ប្រាណ (Gym) អាងហែលទឹកប្រវែង២៥០ម៉ែត្រ, ទីលានបាល់ទាត់ តារាងបាល់ទះ តុវាយតេនីស និងទីលានប្រណាំង Go-Kart។ អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងបន្ថែមទៀតថា រីសតថ្មីនេះវិនិយោគលើផ្ទៃដី៦ហិកតា និងចំណាយថវិកាអស់ប្រមាណ២៨លានដុល្លារ (សរុបទាំងថ្លៃដី)។

អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូចជា រថយន្តជួលប្រណិត រថយន្តក្រុងប្រណិត និងAir Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦ រថយន្តសម្រាប់ដឹកទំនិញ ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែលរីសតស្រស់ស្អាតចំនួន៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១. កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕

LEAVE A REPLY

Please enter your comment!
Please enter your name here